ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយព្រះរាជអាជា្ញរងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ និងបង្ក្រាបទីតាំងលាយស្ករដែលប្រើនូវសារធាតុគីមីជាតិសូដ្យូមអីុត្រូហ្វីត «សារធាតុដែលហាមឃាត់មិនអោយប្រើ»
យកមកលាយជាស្ករ ដោយខុសច្បាប់ ។
ករណីនេះបានធ្វើឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ទីតាំងផ្ទះលេខ៨ ផ្លូវ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនោះដឹកនាំដោយលោកឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានសហការណ៍ជាមួយស្ថាប័នកាំកុងត្រូលរាជធានីភ្នំពេញផងដែរ ។
បើតាមសម្ដីរបស់លោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានឲ្យដឹងថា ទំនិញដែលសមត្ថកិច្ចចុះបង្ក្រាបខាងលើនេះគឺជាទីតាំងលាយស្ករដែលមានសារធាតុគីមីជាតិសូដ្យូមអីុត្រូហ្វីត «សារធាតុដែលហាមឃាត់មិនអោយប្រើ» យកមកលាយជាស្ករ និងបន្លែ ផ្លែឈើឲ្យមានសភាពនៅស្រស់រហូតនិងទុកបានយូរ ហើយជាក់ស្តែងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតដឹងថាមានទីតាំងលាក់សារធាតុគីមីជាតិសូដ្យូមអីុត្រូហ្វីត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពជូនដល់ប្រជាពលរដ្ឋកម្ពុជានៅផ្ទះលេខ៤៨ ផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ដែលនៅក្បែរទីតាំងស្ករ និងដកហូតវត្ថុតាំងជាច្រើនផងដែរ ។
ក្រោយចុះប្រតិបត្តិការខាងលើនេះលោក ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា ជួយពិនិត្យមើលទំនិញទាំងឡាយណាដែលខូចគុណភាពផងមុននឹងទិញរបស់ទាំងនោះយកទៅប្រើប្រាស់ ហើយលោកបញ្ញាចិត្តនិងបន្តអនុវត្តចុះបង្ក្រាបទំនិញគេចពន្ធនិងទំនិញខូចសុខភាពនេះរហូត៕





...
ដោយ៖ ស ដារ៉ា