ភ្នំពេញ៖ នារីជាកម្មការិនីកាត់ដេរ និងជាកូនកំព្រា ដែលរងគ្រោះថ្នាក់ចរាចរណ៍បាក់ជើងមា្នក់ ត្រូវបានគេប្រទះឃើញកំពុងដេកសម្រាកនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ គ្មានលុយព្យាបាលជម្ងឺ អំពាវនាវសុំរកជំនួយពីសប្បុរសជន ។
នារីរងគ្រោះមានឈ្មោះសំ សុធារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានស្រុកកំណើតក្នុងភូមិជ្រៃក្រហឹម ឃុំកំពង់ឫស្សី ស្រុកពោធិ៍រាង ខេត្តព្រៃវែង ឲ្យដឹងថា នាងជាកូនកំព្រាមានតែ២នាក់បងប្អូនប្រុសម្នាក់ឈ្មោះសំ សុធារ៉ាត់ អាយុ១៦ឆ្នាំ ជាកម្មករចិញ្ចឹមទា នៅឯស្រុកកំណើត ។
តាមការរៀបរាប់របស់នារីរងគ្រោះ ឲ្យដឹងដែរថា រូបនាងទើបតែមកធ្វើការរោងចក្របាន២ខែប៉ុណ្ណោះជាមួយមិត្តភក្កិ ហើយករណីគ្រោះចរាចរណ៍នោះ គឺកើតឡើង ពេលខ្លួនទៅចូលរួមខួបកំណើតមិត្តភក្កិនៅរកាកោង កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦។ លុះម៉ោង៨យប់ ទើបនាងជិះម៉ូតូមួយគ្រឿងជាមួយមិត្តភក្កិត្រឡប់មកវិញ តាមផ្លូវជាតិលេខ៦ ដល់ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ស្រាប់តែត្រូវម៉ូតូ១គ្រឿងទៀតបើកបុកពីក្រោយ បណ្តាលឲ្យដួលបក់ជើងខាងស្តាំ ចំណែកម៉ូតូបង្កបើករត់គេចបាត់ស្រមោល។ ក្រោយពេលកើតហេតុគេបានបញ្ជូនរូបនាងទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែពេលសម្រាកបាន២ថ្ងៃ ដោយសារតែនាងអត់មានសាច់ញាតិមើលថែនិងអត់មានលុយព្យាបាល ទើបខាងមន្ទីរពេទ្យបានបញ្ជូននាងទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈវិញម្តង ។
ដោយសារតែអ្នកជម្ងឺ និងអ្នកទៅកំដអ្នកជម្ងឺផ្សេងៗឃើញនារីរងគ្រោះខាងលើគួរឲ្យសង្វេគពេក ជាកូនកំព្រាអត់មានលុយព្យាបាលជម្ងឺហើយអត់មានអ្នកជួយមើលថែទៀត ទើបប្រាប់ឲ្យ អ្នកយកព័ត៌មានជួយផ្សព្វផ្សាយអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភ ដល់រូបនាងដែលកំពុងតែជួបការលំបាក ៕
ដោយ៖ វិបុល