ភ្នំពេញ៖ ក្រោយពីសេវាសុខាភិបាលទទួលរងការរិះគន់ពីប្រជាពលរដ្ឋថា ខ្វះក្រមសីលធម៌នោះ ក្រសួងសុខាភិបាលក៏បានព្រមានលុបឈ្មោះគ្រូពេទ្យរដ្ឋ និងឯកជនទាំងឡាយណា ដែលមិនគោរពក្រមសីលធម៌វិជ្ជាជីវៈចេញពីគណៈគ្រូពេទ្យកម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាពវិជ្ជាជីវៈគ្រូពេទ្យ និងកាត់បន្ថយលំហូរចេញទៅពិនិត្យព្យាបាលសុខភាពនៅក្រៅប្រទេស។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានព្រមានថា ចាប់ពីពេលនេះទៅចំពោះគ្រូពេទ្យទាំងឡាយណា ដែលរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈ គណៈគ្រូពេទ្យនឹងដាក់ពិន័យរដ្ឋបាល ដូចជា ការស្តីបន្ទោស ការដកសញ្ញាបត្រ។ ហើយបើករណីធ្ងន់ធ្ងរនឹងឈានដល់ការលុបឈ្មោះចេញពីបញ្ជីគណៈគ្រូពេទ្យ កម្ពុជា ដែលមិនអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈពេទ្យតែម្តង។រដ្ឋមន្ដ្រីរូបនេះ ក៏បានស្នើដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងជំហរក្នុងការផ្តល់សេវាព្យាបាលប្រកបដោយគុណភាព និងគោរពក្រមសីលធម៌ឡើងវិញ សំដៅលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈគ្រូពេទ្យ។
ការព្រមានចាត់វិធានការតឹងរឹងរបស់ក្រសួងសុខាភិបាល ធ្វើឡើងក្រោយបញ្ហាសេវាសុខាភិបាលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ទាំងអ្នកមាន និងអ្នកក្រថា «ខ្វះសីលធម៌» គិតតែពីប្រាក់ មិនខ្វល់ពីស្ថានភាពអ្នកជំងឺ។
ប្រជាពលរដ្ឋបានស្នើឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បើកការស្រាវជ្រាវវិស័យសុខាភិបាល ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យជាបន្ទាន់ ដើម្បីកុំប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើវិស័យសុខាកាន់តែខ្លាំងជាងនេះ។ ពួកគាត់ថា វិស័យសុខាភិបាល គឺជាវិស័យស្នូលក្នុងការអភិវឌ្ឍជាតិ ព្រោះថា បើមនុស្សគ្មានសុខភាពល្អ ទោះបីជាកិច្ចការងារអ្វី ក៏ពួកគាត់មិនអាចធ្វើបាននោះឡើយ ជាហេតុធ្វើឱ្យស្ថានភាពជីវភាពធ្លាក់ចុះ និងក៏ធ្វើឱ្យសេដ្ឋកិច្ចជាតិអន់ថយព្រមជាមួយគ្នាដែរ៕
ដោយ៖ វិបុល