ខេត្តបាត់ដំបង៖ បុរសម្នាក់វាយប្រពន្ធរហូតដល់ស្លាប់រឿងប្រចណ្ឌហើយយកសពប្រពន្ធចងព្យួរកដើម្បីបំបាត់ភស្ថុតាងបន្លំភ្នែកសមត្ថកិច្ចថាប្រពន្ធធ្វើអត្តឃាតចងកសម្លាប់ខ្លួនត្រូវបាននគរបាលស្រុកសំឡូតចាប់ឃាត់ខ្លួនមួយថ្ងៃក្រោយពីជនសង្ស័យប្រើអំពើហិង្សារហូតដល់ស្លាប់កាលពីវេលាម៉ោង៩ និង៣៥នាទីយប់ ថ្ងៃទី២៦ ខែមករាឆ្នាំ២០១៦ ត្រង់ចំណុចភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
ជុំវិញនៃហេតុការណ៍បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រាប់ឱ្យដឹងថា មុនពេលកើតហេតុនៅយប់នោះអ្នកជិតខាងបានឮប្តីប្រពន្ធពីរនាក់ឈ្លោះគ្នាខ្លាំងៗហើយឈានដល់ប្រើអំពើហិង្សា ដាក់គ្នា ។ នៅពេលមានអំពើហិង្សាគ្មានអ្នកភូមិចូលទៅឃាត់នោះទេ។
ការឈ្លោះគ្នារវាងប្តីប្រពន្ធនោះត្រូវគេអះអាងថាមកពីរឿងប្រចណ្ឌស្ត្រីជាប្រពន្ធបាននិយាយទូរស័ព្ទជាមួយមនុស្សប្រុសជាជនជាតិថៃបានស្គាល់គ្នាក្នុងពេលស្ត្រីរងគ្រោះទៅធ្វើការកម្មករនៅប្រទេសថៃ។លុះការវាយគ្នារហូតស្ងាត់សម្លេងឈ្លោះដោយមួយសន្ទុះក្រោយមកស្រាប់តែគេឮបុរសជាប្តីនោះស្រែកឆោឡាថាប្រពន្ធរបស់ខ្លួនចងកសម្លាប់ខ្លួនយកក្រណាត់អាវចងកនិងថ្នឹមផ្ទះ។នៅពេលនោះទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ។បន្ទាប់មកសមត្ថកិច្ចក៏បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុនិងធ្វើកោសល្យវិច្ច័យសពរកឃើញថាស្ត្រីរងគ្រោះមានស្លាកស្នាមជាំពេញខ្លួន និងផ្ទៃមុខ សមត្ថកិច្ចសង្ស័យជាអំពើឃាតកម្ម។ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យសពរួចហើយក៏បានឃាត់ខ្លួន បុរសសង្ស័យជាប្តីឈ្មោះសៅ ឡឹម អាយុ៣១ឆ្នាំ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំឡូតដើម្បីសាកសួរ។ បុរសសង្ស័យក៏បានឆ្លើយសារភាពទទួលទោសថារូបគេពិតជាវាយសម្លាប់ប្រពន្ធរបស់ខ្លួនពិតប្រាកដ ដែលមាន ឈ្មោះ ហាវ ឡា អាយុ៣២ឆ្នាំ គ្រួសារនេះរស់នៅភូមិឃុំកើតហេតុខាងលើ។
ជនសង្ស័យត្រូវបាននគរបាលស្រុកសឡូតចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា