ប្រធានាធិបតីតៃវ៉ាន់ដែលត្រូវចេញពីតំណែង លោក Ma Ying-jeou មានគម្រោងធ្វើដំណើរទៅកាន់ដែនកោះដែលកំពុងមានជម្លោះស្ថិតនៅសមុទ្រចិនខាងត្បូងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ។
ប្រទេសតៃវ៉ាន់បានអះអាងថា ដែនកោះ Taiping ឬដែលគេស្គាល់ថា Itu Aba ស្ថិតនៅប្រជុំដែនកោះ ស្ព្រាតលី នោះថា ជាដែនដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់តៃវ៉ាន់ ប៉ុន្តែទោះបីយ៉ាងណា មានការប្រឆាំងជំទាស់ពីភាគីចិន ដែលជាប្រទេសជិតខាងមានព្រំដែនជាប់គ្នានោះ ។
លោក Ma ដែលគេសង្កេតឃើញថា មានទំនាក់ទំនងល្អប្រសើរជាមួយប្រទេសចិននោះ មានពេលវេលាមិនលើសពី៤ខែទៀតនោះទេ ត្រូវតែចុះចេញពីតំណែងប្រធានាធិបតី ។
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់នាពេលខាងមុខ មិនបានបញ្ជូនតំណាងរបស់ខ្លួនណាម្នាក់ឲ្យទៅចូលរួមដំណើរទស្សនកិច្ចរបស់លោក Ma នាពេលនេះឡើយ ។
ប្រទេសចិនបានប្រកាសអះអាងតំបន់ភាគច្រើននៅសមុទ្រចិនខាងត្បូង ក្នុងនោះមានដែនកោះស្ព្រាតលីផងដែរ ថាជាដែនដីរបស់ចិន ។ ប្រទេសចិនក៏បានចាត់ទុកផងដែរថា តៃវ៉ានជាខេត្តមួយរបស់ខ្លួនដែលបំបែកចេញតែប៉ុណ្ណោះ ហើយនៅពេលដែលចាំបាច់ នឹងប្រើកម្លាំងដើម្បីគ្រប់គ្រងតៃវ៉ាន់ឡើងវិញ ។
ប្រទេសហ្វីលីពីន តៃវ៉ាន់ វៀតណាម ម៉ាឡេស៊ី និងប្រ៉ុយណេបានទាមទារចំណែកខ្លះនៃដែនកោះ និងដែនទឹកជុំវិញកោះស្ព្រាតលីថា ស្ថិតនៅក្នុងដែនអធិបតេយ្យរៀងៗខ្លួន ហើយទាមទារថា ជាតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសចិន។
លោក Charles Chen អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីតៃវ៉ាន់បានបញ្ជាក់ថា ដែនកោះ Taiping ជាផ្នែកមួយនៃទឹកដីសាធារណរដ្ឋចិន ដែលប្រើប្រាស់ឈ្មោះផ្លូវការថា Taiwan ។ លោក Charles Chen បន្តថា គោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់នាពេលនេះគឺដើម្បីទៅជួបជាមួយប្រជាជនតៃវ៉ាន់ដែលមាន មូលដ្ឋាននៅទីនោះ នៅមុនពេលបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យទំនាក់ទំនង កិច្ចការតៃវ៉ាន់-ចិននោះបានឆ្លើយទៅនឹងគម្រោងធ្វើទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់នៅពេលនេះថា ប្រទេសចិនពុំមានដែនកោះដែលមានជម្លោះស្ថិតនៅសមុទ្រចិនខាងត្បូងនោះឡើយ ។
លោក Ma Xiaoguang បានបញ្ជាក់ថា ការពារសិទ្ធិរបស់ប្រទេស ការពារពារដែនអធិបតេយ្យរបស់ប្រទេស ការពារពារសិទ្ធិរបស់ពលរដ្ឋចិន គឺជាការចែករំលែកការទទួលខុសត្រូវ និងភារកិច្ចរបស់ចិន និងតៃវ៉ាន់ ។
តៃវ៉ាន់នាពេលបច្ចុប្បន្ននេះបាននិងកំពុងបង្ហាញពីវត្តមានរបស់ខ្លួននៅលើដែនកោះ Aba ឬTaiping ដោយបានស្ថាបនាកំពង់ផៃ និងបង្គោលប៉មផងដែរ ។
ពលរដ្ឋតៃវ៉ាន់ប្រមាណ១៨០នាក់ ភាគច្រើនជាកងទ័ពបាននិងកំពុងរស់នៅលើដែនកោះខាងលើនេះ ។ កាលពីឆ្នាំ២០០៨ មេដឹកនាំតៃវ៉ាន់ធ្លាប់បានធ្វើដំណើរទៅកាន់ទីនោះរួចមកហើយ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត