ខេត្តតាកែវ-កំពត៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ លោក គួច វែងស្រ៊ុន អនុរដ្ឋលេខាធិការ និងលោក ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើផលស្រូវនៅក្នុងខេត្តតាកែវ និងខេត្តកំពត។
ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោកអនុរដ្ឋលេខាធិការ គួច វែងស្រ៊ុន បានប្រាប់ឱ្យដឹងថា ចំពោះស្ថានភាពទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលដំណាំស្រូវ នៅក្នុងខេត្តទាំងពីរ គឺមិនមានបញ្ហានោះទេ ។ សម្រាប់ខេត្តតាកែវ ដំណាំស្រូវវស្សាត្រូវបានប្រជាកសិករប្រមូលផលរួចរាល់ហើយ ដោយសម្រេចបាន ១០០ភាគរយ នៃផ្ទៃដីផលិតបាន ចំនួន ១៩៣.៨០០ ហិកតា ។ ឯស្រូវប្រាំង ផលិតបានលើផ្ទៃដីចំនួន ៩១.០០២ ហិកតា ស្មើនឹងប្រមាណ ១២១ ភាគរយ នៃផែនការដែលបានដាក់ចុះ និងកំពុងប្រមូលផលជាបណ្តើរៗ ដែលមកដល់ពេលនេះ សម្រេចបានចំនួន ១៣.៦៥០ ហិកតា ។
លោក គួច វែងស្រ៊ុន បន្តថា នាពេលកន្លងមក ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវមួយចំនួន ទាំងស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តតាកែវ ទទួលរងផលប៉ះពាល់ ។ ប៉ុន្តែដោយមានការចុះអន្តរាគមន៍ជាបន្តបន្ទាប់ និងទាន់ពេលវេលា ពីសំណាក់ក្រុមការងារក្រសួង ក៏ដូចជាមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ផ្ទៃដីប៉ះពាល់ទាំងនេះ ត្រូវបានសង្គ្រោះទាំងស្រុង តាមរយៈការបូមប្រមូលទឹកបញ្ចូលអាង និងការបង្វែរទឹកមកជួយបន្ថែមពីខេត្តកំពង់ស្ពឺ ។
លោកអនុរដ្ឋលេខាធិការ បន្តទៀតថា ចំណែកខេត្តកំពតវិញ ក៏ដូចជាខេត្តតាកែវដែរ ប្រជាកសិករបានប្រមូលផលស្រូវវស្សារួចរាល់ ដោយសម្រេចបាន ១០០ ភាគរយ នៃផ្ទៃដីផលិតបាន ចំនួន ១៣៦.៥៣៧ ហិកតា ។ ឯស្រូវប្រាំង ផលិតបានលើផ្ទៃដី ចំនួន ៩.៧៣៧ ហិកតា ស្មើនឹងប្រមាណ ១៣៩ ភាគរយនៃផែនការ ហើយក៏កំពុងប្រមូលផលជាបណ្តើរៗផងដែរ ដែលមកដល់ពេលនេះ សម្រេចបានចំនួន ២.៤៣៤ ហិកតា ។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានចេញសារាចរណែនាំ ក្នុងការថែរក្សាទឹកទុកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងមានការចុះណែនាំដោយផ្ទាល់ពីមន្ត្រីជំនាញ រួមនឹងអាជ្ញាធរមូលដ្ឋាន ប្រជាកសិករនៅក្នុងខេត្តទាំងពីរ បានបង្វែរពីការដាំដុះដំណាំស្រូវប្រាំងលើកទី ២ មកធ្វើការដាំដុះដំណាំបន្ទាប់បន្សំជំនួសវិញ ៕
ដោយ៖ សុខ ខេមរា