ក្រុងប៉ោយប៉ែត៖ ចោរថ្លើមធំម្នាក់បានជិះម៉ូតូឌុបទៅធ្វើសកម្មភាពកាច់សោកម៉ូតូប្រជាពលរដ្ឋដែលចតនៅខាងមុខផ្ទះ ហើយពេលកាច់បានសម្រេចហើយនោះបានជិះចេញទៅយ៉ាងរំភើយ ព្រមទាំងដកកាំភ្លើងបាញ់គំរាមទៅលើមេឃអស់១គ្រាប់ថែមទៀតផង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីយប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅខាងជើងផ្សារអគ្គថ្មី ភូមិបាលេលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សាក្សីពីម្ចាស់ផ្ទះឈ្មោះ សូនី អាយុ៥៧ឆ្នាំបាននិយាយថា មុនពេលកើតហេតុ រូបគាត់បានចត់ម៉ូតូហុងដា សេរីឆ្នាំ២០១៥មួយគ្រឿងនៅខាងមុខផ្ទះ ដោយមានចាក់សោកត្រឹមត្រូវ ។ ប៉ុន្តែមិនទាន់បណ្តើរយកចូលផ្ទះនោះទេ ដោយសំអាងថា នៅខាងមុខផ្ទះមានមនុស្សអូរអ ពីព្រោះមានអ្នកលក់ប្រហិតចៀននៅទីនោះដែរ ។ ស្របពេលនោះ មានជនសង្ស័យម្នាក់ជិះម៉ូតូឌុបមកឈប់ ក្បែរនោះរួចឈរនិយាយទូរស័ព្ទ ប៉ុន្តែដោយសារតែគាត់គ្មានការចាប់អារម្មណ៍ក៏ដើរទៅផ្ទះក្រោយ ។ លុះពេលត្រឡប់មកផ្ទះមុខវិញ ស្រាប់តែឃើញជនសង្ស័យកាច់សោកម៉ូតូរបស់គាត់បានសម្រេច ហើយបានជិះចេញទៅ ភ្លាមនោះ គាត់បានស្រែកឲ្យគេជួយអន្តរាគមន៍ដែរ ប៉ុន្តែមិនទាន់ទាំងបានដេញតាមផង ជនសង្ស័យនោះបានដកកាំភ្លើងចេញពីចង្ហេះរួចបាញ់គំរាម១គ្រាប់ឡើងលើមេឃ រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
នៅពេលនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបាននិងកំពុងតាមស្រាវជ្រាវរកមុខជនសង្ស័យដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ៖ វណ្ណា