សម្តេចតេជោ ហ៊ុន សែន រំលឹកពីជីវិតតស៊ូក្នុងយុវវ័យដល់ យុវជន យុវនារីបានដឹង

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍ថាៈក្មួយៗយុវជន យុវនារីជាទីស្រឡាញ់!

In this post I’m asking my Cambodian people to quit smoking, especially youth. I used to be a heavy smoker for more than 40 years. I’ve tried 12 times to quit smoking. Finally, I quitted smoking about 22 months now. I hope Cambodian people can do it for their own health.

តាំងពីពេលមុនមកទល់ពេលបច្ចុប្បន្នមនុស្សមួយចំនួនធំនិយមជក់បារី។ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ ១៩៧០ ពេលនោះយុវជននៅទូទាំងប្រទេសបានក្លាយទៅជាចំណាប់ខ្មាំងនៃសង្រ្គាមដែលគ្មានផ្លូវទី៣សម្រាប់ជ្រើសរើស ព្រោះប្រទេសបានបែងចែកជាតំបន់កាន់កាប់២ គឺម្ខាងត្រួតត្រាដោយរដ្ឋាភិបាលចេញពីរដ្ឋប្រហារដោយសេនាប្រមុខ លន់នុល និងម្ខាងទៀតគ្រប់គ្រងនៅតំបន់រំដោះដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។ យុវជនគ្មានផ្លូវជ្រើសរើសម្រាប់អោយយើងនៅផ្លូវចន្លោះកណ្តាលនោះទេ។ សម្រាប់ខ្ញុំដែលតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ គឺខ្ញុំបានក្លាយខ្លួនទៅជាយុទ្ឋជនម្នាក់នៃកងទ័ពតាំងពីថ្ងៃទី ៤ ខែ មេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់នុល នៅថ្ងៃទី ១៨ មិនា ១៩៧០ ទម្លាក់សម្តេចព្្រះ នរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្រោយពីចូលកងទ័ព ខ្ញុំបានក្លាយទៅជាអ្នកជក់បារី ដោយចាប់ផ្តើមពីការរៀនជក់ អាស្រ័យដោយការជក់នៅពេលនោះ គឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ហើយញៀន និងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ឋជននៅអង្គភាពខ្ញុំស្ទើរតែ១០០% ដែលចេះជក់បារី ។ កាញៀនបារីរបស់ខ្ញុំនេះ ទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមកជក់ជំនួសបារី។

នៅក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មិនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារីចំនួន១២លើក។ ចំពោះរឿងរ៉ាវដែលខ្ញុំចងចាំ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធីទាំងភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី ខ្ញុំនិយាយជាភាសាខ្មែរផង និងភាសាអង់គ្លេសផងធ្វើអោយភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំង។ ប៉ុន្តែជាការគួរអោយសោកស្តាយ ដែលខ្ញុំមិនអាចធ្វើបាន។ ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រីរបស់ខ្ញុំបានចាប់កំណើត។ ការសន្យារបស់ខ្ញុំគឺមិនអាចអនុវត្តន៍ទៅបានរហូតមកដល់ខែ មិនាឆ្នាំ ២០១៤ ទើបខ្ញុំប្តេជ្ញាបញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះមិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ របស់ភរិយាខ្ញុំ របស់កូនៗ និងចៅរបស់ខ្ញុំ ហើយដើម្បីអោយស្របទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារអោយកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី។

ខ្ញុំមិនអាចណែនាំ ទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសសំអាតផ្ទះខ្លួនឯងមិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រីយមិត្តដែលលេងហ្វេសប៊ុគបានចូលបានដាក់សំណួរថា (តើវិធីឈប់ជក់បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារីទាំងនៅគ្រប់ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត(Electric Cigarette) ទាំងថ្នាំបៀម និងស្ករបៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង។ គិតពីខែមិនា ឆ្នាំ ២០១៤ មកទល់បបច្ចុប្បន្ននេះមានរយះពេល ២២ ខែហើយដែលខ្ញុំបានផ្តាច់បារីចោលបានទាំងស្រុង។ រយះពេល ២២ ខែនេះ ខ្ញុំលែងគេចចេញពីចៅៗ ព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារី ដែលពីមុនខ្ញុំតែងតែរត់ចេញ ឬពន្លត់បារីចោលភ្លាមពេលចៅៗមកលេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់។

ថ្ងៃទី ២៨ មករា ២០១៦ នេះ គឺចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ ឆ្នាំ ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យាដែលថាពេលមានចៅគឺខ្ញុំឈប់ជក់បារី ។ ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវចំពោះប្រជាជនដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ។ ចំពោះយុវជន យុវនារីដែលមិនទាន់ចេះជក់បារី សូមកុំរៀនជក់បារី វាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារយើង របស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើង របស់សហគមន៍យើង និងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print