អន្តរជាតិ៖ ជាលើកដំបូង អាមេរិកដាក់ទណ្ឌកម្មមន្ត្រីចិនលើរឿងបំពានសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង នៅថ្ងៃទី៩ ខែកក្កដានេះ បានដាក់ចេញនូវវិធានការដំបូងក្នុងការបញ្ឈប់សកម្មភាពបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង ដោយដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូប។ ក្នុងនោះ លេខាបក្សកុម្មុយនីស្តចិនប្រចាំតំបន់នេះ ក្លាយជាមន្ត្រីថ្នាក់ខ្ពស់បំផុតដែលរងទណ្ឌកម្មអាមេរិក។
មន្ត្រីជាន់ខ្ពស់ចិនទាំង៣រូបដែលមានឈ្មោះក្នុងបញ្ជីទណ្ឌកម្មអាមេរិកមាន លោក Chen Quanguo បលេខាបក្សកុម្មុយនីស្តចិនប្រចាំតំបន់ស៊ីនជាំង លោក Wang Mingshan នាយកការិយាល័យសន្តិសុខសាធារណៈ និងលោក Zhu Hailun អតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សកុម្មុយនីស្តចិនប្រចាំតំបន់។
ទណ្ឌកម្មដែលអាមេរិក ដាក់លើមន្ត្រីជាន់ខ្ពស់ចិនចំនួន៣រូបរួមមាន ការមិនផ្តល់ទិដ្ឋាការឲ្យចូលអាមេរិក និងការបង្កកទ្រព្យសម្បត្តិ។ បន្ថែមពីនេះ ក្រសួងរតនាគារជាតិអាមរិកក៏បានប្រកាសផងដែរថា បុគ្គលទាំងឡាយណាដែលដោះដូរហិរញ្ញវត្ថុជាមួយបុគ្គលទាំង៣រូប នឹងជាប់ទោសព្រហ្មទណ្ឌផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី៩ ខែកក្កដា លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងថា អាមេរិកកំពុងប្រឆាំងនឹងអំពើយ៉ាងរន្ធត់ និងការបំពានជាលក្ខណៈប្រព័ន្ធនៅតំបន់ភាគខាងលិចរបស់ប្រទេសចិនមួយដែលរួមមានពលកម្មដោយបង្ខំ ការឃុំឃាំងទ្រង់ទ្រាយធំ និងការគ្រប់គ្រងកំណើនប្រជាជនដោយបង្ខំជាដើម។ លោកបន្ថែមថា អាមេរិក នឹងមិនឈរអោបដៃឡើយចំពោះការបំពានសិទ្ធិមនុស្សប្រព្រឹត្តដោយបក្សកុម្មុយនីស្តចិនទៅលើជនជាតិវីហ្គ័រ កាហ្សាក់ និងជនជាតិភាគតិចដទៃទៀតនៅតំបន់ស៊ីនជាំង។
ក្រៅតែពីបុគ្គលទាំងបីខាងលើ លោក Huo Liujun ដែលជាអតីតមន្ត្រីសន្តិសុខ ក៏ជាប់ទណ្ឌកម្មផងដែរ។ បន្ថែមពីនេះ ក្រសួងរតនាគារអាមេរិក ក៏ដាក់ទណ្ឌកម្មលើការិយាល័យសន្តិសុខប្រចាំតំបន់ចំពោះសកម្មភាពឃ្លាំមើលតាមប្រព័ន្ធឌីជីថលើ់ជនជាតិមូស្លីមវីហ្គ័រ និងជនជាតិភាគដទៃផ្សេងទៀត។
សាក្សី និងអង្គការសិទ្ធិមនុស្ស ក៏ដូចជាអង្គការសហប្រជាជាតិ ប៉ានស្មានថា ជនជាតិភាគតិចមូស្លីមវីហ្គ័រ និងជនជាតិភាគតិចដទៃទៀតចំនួនច្រើនជាង១លាននាក់ បានចាប់បង្ខាំងក្នុងជំរំជាច្រើននៅតំបន់ស្វ័តភាគខាងលិចនេះ។ ប៉ុន្តែចិនវិញ បានទាត់ចោលនូវការចោទប្រកាន់ទាំងឡាយដោយអះអាងថា ជំរំទាំងអស់នោះសម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រឆាំងក្រុមអ៊ីស្លាមជ្រុលនិយម។
គូរបញ្ជាក់ថា ក្រុមអ្នកការពារសិទ្ធជនជាតិភាគតិចវីហ្គ័រ បានសាទរចំពោះការដាក់ទណ្ឌកម្មនេះ និងមានទទូចឲ្យប្រទេសដទៃទៀតធ្វើតាមអាមេរិក។ នាពេលថ្មីៗនេះតំណាងរាស្ត្រអាមេរិកចំនួន៧៨រូបមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានចេញលិខិតទទូចឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ពិចារណាជាផ្លូវការនូវសកម្មភាពរបស់ចិនដោយចាត់ទុកជាអំពើប្រល័យពូជសាសន៍៕ដោយ៖ស តារា