ការបោះឆ្នោតជុំទីពីរគឺជាការសម្រេចជោគវាសនារបស់រដ្ឋាភិបាលថ្មី របស់ប៉ូឡូញខណៈគណបក្សកាន់អំណាចPiS ពឹងផ្អែកទៅលើសម្ពន្ធមិត្តដើម្បីទទួលបានសំឡេងគាំទ្រភាគច្រើន។
នៅថ្ងៃទី១២ ខែកក្កដា ពលរដ្ឋប៉ូឡូញបាននាំគ្នាទៅបោះឆ្នោតជុំទីពីរ ដែលមានបេក្ខភាពពីររូបប៉ុណ្ណោះ គឺប្រធានាធិបតីបច្ចុប្បន្នលោកAndrzej Duda និងមេដឹកនាំក្រុមប្រឆាំងលោកRafal Trzaskowski។
តាមសារព័ត៌មាន AFP នៅវេលាថ្ងៃត្រង់ថ្ងៃទី១២ ខែកក្កដា(ម៉ោងកម្ពុជា) ទីតាំងបោះឆ្នោតនានានៅក្នុងប្រទេសប៉ូឡូញត្រូវបានបើកទ្វារ។ នេះជាការបោះឆ្នោត សំខាន់បំផុត ជាការកំណត់ជោគវាសនាសម្រាប់បង្កើតរដ្ឋាភិបាលថ្មី។
លទ្ធផលស្ទង់មតិមុនពេលបោះឆ្នោតបង្ហាញឲ្យឃើញថា គម្លាតការគាំទ្ររវាងបេក្ខភាពទាំងពីររូបមិនឆ្ងាយនោះឡើយគឺប្រហាក់ប្រហែលគ្នាប៉ុណ្ណោះ។ ដូច្នេះពិបាកក្នុងការកំណត់ថា ភាគីណាមួយសង្ឃឹមយកឈ្នះ។
តាមគម្រោង ទីតាំងបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅព្រឹកឈានចូលថ្ងៃទី១៣ខែកក្កដា ហើយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននិឹងត្រូវបានប្រកាសនាពេលបន្ទាប់មក៕
ដោយ៖ ធី រីណា