ខេត្តរតនគិរី៖ ឈើក្រហមចម្រុះចំនួន៣៣កំណាត់ត្រូវបានសមត្ថកិច្ចចម្រុះរបស់ខេត្តចុះបង្ក្រាបរឹបអូសប្រមូលយកទៅរក្សារទុកប្រគល់ឱ្យជំនាញ។
ប្រតិបត្តិការបង្ក្រាបនោះកម្លាំងចម្រុះបានធ្វើឡើងនៅថ្ងៃទី១១ខែកក្កដាឆ្នាំ២០២០ត្រង់ចំណុចកំពង់ចម្លងទន្លេសេសាន្ត មានចំងាយពីប៉ុស្តិ៍ច្រករបៀងភូមិភិក្រោមប្រមាណ៣០០ម៉ែត្រស្ថិតក្នុងភូមិបាដល ឃុំសេសាន្ត ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចចម្រុះមានមន្ត្រីបរិស្ថាន,កម្លាំងនគរបាលស្រុកអូរយ៉ាដាវ,កម្លាំងវរៈការពារព្រំដែនគោកលេខ៦២៣ និងកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវផងដែរ។
លោកវរសេនីយ៍ត្រីសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវបានឱ្យដឹងនៅរសៀលថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០នេះថា៖ ប្រតិបត្តិការខាងលើនេះមានការចង្អុលបង្ហាញពី លោក ថង សាវុនអភិបាលខេត្តរតនគិរីនិង លោកឧត្តមសេនីយ៍ត្រី ថាវវយ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោយិនចំណានស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីទៀតផង។
លោកបន្តថា៖ មុននឹងឈានដល់ការបង្ក្រាបគឺកម្លាំងយើងបានប្រើប្រាស់មធ្យោបាយកាណូតចុះល្បាតរុករកស្រាវជ្រាវក្នុងទន្លេសេសាន្តក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវក៏ទើបប្រទះឃើញឈើដែលក្រុមឈ្មួញលាក់ទុកក្នុងទន្លេនោះតែម្តងហើយក៏ធ្វើការរឹបអូសយកទៅរក្សារទុក។
ឯឈើក្រហមចម្រុះនោះមានចំនួន៣៣កំណាត់មិនទាន់បានធ្វើការវាស់វែងនៅឡើយ។
លោកថា៖ ដោយសារទីតាំងភូមិសាស្ត្រខាងលើអំណោយផលសម្រាប់ឈ្មួញឈើខ្មែរនិងវៀតណាមតែងតែលួចដឹកឈើចេញទៅវៀតណាមនោះណាស់។
លោកម៉ា វិចិត្រប្រធានគណបញ្ជាការឯកភាពស្រុកអូរយ៉ាដាវបានយកកម្លាំងទៅដាក់ប្រចាំការ២៤លើ២៤ម៉ោងដើម្បីឃ្លាំមើលបទល្មើសនោះបន្តទៀតផងដែរ។
វត្ថុតាងខាងលើដែលបង្ក្រាបបានត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថានយកទៅរក្សាទុកដើម្បីចាត់ចែងតាមច្បាប់បន្ត។
ទាក់ទិននិងករណីខាងលើនោះប្រភពបានបង្ហើបថាមកជំនួញឈើចាប់ផ្តើមប្រព្រឹត្តទៅបានដោយរលូន ដោយសារតែឈ្មួញវៀតណាមផ្តល់លុយឱ្យសមត្ថកិច្ចខិលខូចមួយចំនួនប្រចាំការនៅតាមច្រករបៀង ហើយមេច្រករបៀងខ្លះក៏បានអនុញ្ញាតឱ្យវៀតណាមចូលមកស្នាក់នៅរងចាំទិញឈើពីក្រុមឈ្មួញទៀតផង៕
ដោយ ជីវ័ន្ត