ភ្នំពេញ៖ មិនបានចេញសារតបតទៅឪពុកចំៗរឿង”កូនមិនស្គាល់ឪ” ប៉ុន្តែតារាចម្រៀងឱក សុគន្ធ កញ្ញា បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយកំពុងតែធ្វើឲ្យអ្នកគាំទ្រកាន់តែយល់ច្បាស់ពីជម្រៅជិត្តនាង។
ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “គ្មាននរណាម្នាក់ចង់ដើរទៅជួបបញ្ហានោះទេ.. តែមានពេលខ្លះ បញ្ហាទាំងនោះវាមករកយើងដោយមិនដឹងខ្លួន ដូច្នេះពេលជួបបញ្ហា ចូលអ្នកកុំឆេវឆាវ តាំងចិត្តឲ្យល្អ ដោះស្រាយតាមសម្រួល ធ្វើចិត្តរឹងមាំកុំទន់ជ្រាយ បញ្ហាទាំងនោះនិងរសាត់បាត់ទៅតាមពេលវេលា អរគុណបញ្ហាដែលបានបង្រៀនខ្ញុំឲ្យរឹតតែរឹងមាំឡើង”។
អ្នកគាំទ្រជាច្រើនបានចូលទៅ លើកទឹកចិត្ត និងកោតសរសើរឱក សុគន្ធកញ្ញា ដែលអាចប្រឈមមុខបញ្ហាដែលត្រូវឪពុកចោទប្រកាន់ថា ភ្លេចឪក៏ដោយ។ អ្នកសិល្បករជើងជាស់ជាច្រើនស្នើឲ្យពួកគេស្វែងរកឱកាសជួបជុំជជែកគ្នា ដើម្បីបញ្ចប់ការយល់ខុសពីគ្នា។
គួរបញ្ជាក់ដែរថា ចុងខែមិថុនាកន្លងទៅ លោក ឱក បូនី ដែលគេស្គាល់ថាជា ជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញសារធ្វើឲ្យផ្ទុះកក្រើកខ្លាំងពីទស្សនិកជនពិសេសលើពាក្យថា”កូនមិនស្គាល់ឪ”។សាររឿងកូនមិនស្គាល់ឪពុករបស់ លោក ឱក បូនី បានចាក់ចំបេះដូងមហាជនឲ្យងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់តារាចម្រៀងឱក សុគន្ធកញ្ញាដែលកំពុងជោគជ័យខ្លាំង និងត្រូវបានគេចាត់ទុកថាជានារីដែលមានសំណាង និងសុភមង្គលពីសេសក្រោយនាងរៀបមង្គលការនិងមានកូនប្រុសម្នាក់។ មិនបានតបសារបកស្រាយទៅកាន់អ្នកគាំទ្រ ឬឪពុកនោះទេបើទោះបីជារឿងនេះកំពុងកក្រើកខ្លាំងក៏ដោយ ៕
ដោយ វឌ្ឍនា