ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២ទល់១ ក្នុងការប្រកួតសប្តាហ៍ទី៣៥នៃក្របខ័ណ្ឌអង់គ្លេស Premier League កាលពីរាត្រីថ្ងៃទី១២ កក្កដាយប់ម្សិលមិញ។ ចំណែកក្រុមម្ចាស់ផ្ទះ AFC Bournemouth បានបំបាក់ក្រុមខ្លាំង Leicester City ក្នុងលទ្ធផល៤ទល់១មិនគួរឲ្យជឿ ។
ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ទទួលបាន៣ពិន្ទុពីក្រុមកាំភ្លើងធំ Arsenal ដោយគ្រាប់បាល់ដំបូងគឺជាការនាំមុខរបស់ក្រុមភ្ញៀវរកបានដោយកីឡាករ Lacazette នៅនាទីទី១៦។ ចូលដល់នាទីទី១៩កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រប់សងវិញភ្លាមៗ និងនៅតង់ទី២នាទីទី៨១ កីឡាករ Alderweireld បានរកបានបន្ថែម១គ្រាប់ទៀតធ្វើឲ្យក្រុមម្ចាស់ផ្ទះ Tottenham Hotspur យកឈ្នះ Arsenal ក្នុងលទ្ធផល២ទល់១។
លទ្ធផលនេះធ្វើឲ្យក្រុម Tottenham Hotspur ឡើងយកឈរលើក្រុម Arsenal មួយលេខគឺក្រុម Tottenham Hotspur ឈរលេខ៨ ខណៈ Arsenal ឈរលេខ៩។
ដោយឡែកក្រុម Leicester City បានចាញ់ក្រុមម្ចាស់ផ្ទះ AFC Bournemouth ក្នុងលទ្ធផល៤ទល់១មិនគួរឲ្យជឿ ធ្វើឲ្យក្រុមមួយនេះប្រឈមនឹងការធ្លាក់មកឈរលេខ៥ ប្រសិនបើក្រុមបិសាចក្រហមឈ្នះនៅយប់នេះ។ ពីព្រោះក្រុមបិសាចក្រហមចាញ់ក្រុមលេខ៤ Leicester City តែ១ពិន្ទុប៉ុណ្ណោះ ៕
ដោយ៖ ភារៈ