មន្ត្រីរដ្ឋាភិបាលខេត្តអូគីណាវ៉ា របស់ជប៉ុនបានប្រកាសឲ្យដឹងថា ទីតាំងទាហានជើងទឹកពីរកន្លែងរបស់អាមេរិកត្រូវបានបិទក្រោយរកឃើញមានទាហាន៦២នាក់ឆ្លងកូវីដ-១៩។
តាមការលើកឡើងរបស់កម្លាំងទាហាន អាមេរិកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៧ខែកក្កដាដល់ធ្ងៃទី១១ខែកក្កដា នៅទីតាំងទាហានជើងទឹកវាយឡើងគោកFutenma និងCamp Hansen បានរកឃើញមានទាហានជាច្រើនឆ្លងកូវីដ-១៩។ ទីតាំងយោធាខាងលើត្រូវបានបិទ មិនឲ្យទាហានចេញចូលឡើយដើម្បីទប់ស្កាត់ការឆ្លងរាលដាល។
ឧត្តមសេនីយ៍Stacy Clardy មេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអូគីណាវ៉ា ក៏បានផ្តល់ព័ត៌មានដល់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាលអាមេរិកតាមទូរស័ព្ទពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩។
តាមការលើកឡើងរបស់មន្ត្រីខេត្តអូគីណាវ៉ា របស់ជប៉ុន ទីតាំងទាហានអាកាស Kadena និង McTureous ក៏រកឃើញមានករណីឆ្លងកូវីដ-១៩ផងដែរ។ ទីតាំងយោធាអាមេរិកគឺប្រមូលផ្តុំគ្នានៅក្នុងខេត្តអូគីណាវ៉ា។ នៅក្នុងខេត្តនេះដែរ មានករណីឆ្លងកូវីដ-១៩ចំនួន១៤៨ នាក់ ដែលចំនួននេះមិនបូកបញ្ជូលទាហានអាមេរិកនោះឡើយ៕
ដោយ៖ ធី រីណា