បិទមូលដ្ឋានទ័ព​អាមេរិក​ចំនួន​២​ ក្នុង​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ក្រោយផ្ទុះ​ករណី COVID-19 ច្រើន

ចែករំលែក៖

អន្តរជាតិ៖ មន្ត្រី​ជប៉ុន​ បាន​រិះគន់​កិច្ចប្រឹងប្រែង​ទប់ស្កាត់ COVID-19 របស់​យោធា​អាមេរិក ក្រោយ​ផ្ទុះ​ករណីឆ្លងច្រើន នៅក្នុងមូលដ្ឋានទ័ព​អាមេរិក​ចំនួន​២​ ក្នុង​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន ​។

​លោក Yoshihide Suga អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃទី​១៣ ខែកក្កដាម្សិលមិញនេះ បាន​បញ្ជាក់ថា ករណីឆ្លង COVID-19 មានចំនួន ៦២ ករណី ត្រូវបាន​រកឃើញ​ក្នុង​មូលដ្ឋានទ័ព​ចំនួន​៣ ​។ ក្នុងនោះ មាន៣៨​នាក់​ គឺ​មកពី​មូលដ្ឋានទ័ព Marine Corps Air Station នៅ Futenma, និង២២​នាក់ ​ក្នុង​មូលដ្ឋានទ័ព Camp Hansen និង​ម្នាក់​ក្នុង​មូលដ្ឋានទ័ព Camp Kinser ។ ពួកគេ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ចន្លោះ​ពីថ្ងៃ​ទី​៧ ខែកក្កដា​ដល់​ថ្ងៃទី​១២ ខែកក្កដា​។

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ បាននិយាយថា ឆ្លើយតប​នឹង​ការផ្ទុះ​រាលដាល​នេះ ដោយសារការធ្វើដំណើរ​ចាក់​ចេញពី​មូលដ្ឋានទ័ព​ស្ទើរតែ​ទាំងអស់ ត្រូវបាន​ផ្អាក ចាប់ពី​ថ្ងៃទី ១២ ខែកក្កដា ខណៈ​មូលដ្ឋាន​អាកាស Futenma និង Camp Hansen ត្រូវបាន​បិទ​សិន​ ទាំង​កងទ័ព​និង​ជន​ស៊ីវិល អាចធ្វើ​ដំណើរ​ដោយ​សេរី​នៅក្នុង​មូលដ្ឋានទ័ព​ទាំងពីរ​នេះ តែ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​ចាកចេញ រួមមានការ​ណាត់ជួប​ផ្នែក​វេជ្ជសាស្ត្រ​ជាដើម​។

នៅ​សន្និសីទ​ព័ត៌មាន​មួយ លោក Suga អះអាង​យ៉ាងដូច្នេះ​ថា «​ជប៉ុន និង​សហរដ្ឋអាមេរិក កំពុង​ចែករំលែក​ព័ត៌មាន​អំពី​ប្រវត្តិ​នៃ​សកម្មភាព​របស់​កងទ័ព​ដែល​ឆ្លង COVID-19»​។

​ដោយឡែកអភិបាលខេត្ត Okinawa លោក Denny Tamaki នៅ​ថ្ងៃទី​១១ ខែកក្កដា បាន​និយាយថា លោក​មិនសូវ​ទុកចិត្ត​តួលេខ​ដែល​ផ្ដល់​ឲ្យ​ដោយ​ភាគី​យោធា​អាមេរិក ហើយ​ទាមទារ​ឲ្យ​ពួកគេ​បញ្ចេញ​តួលេខ​ពិតប្រាកដ​។ ដោយការ​ហក់​ឡើង​នៃ​ករណី​ឆ្លង COVID-19 នេះ បាន​បង្ក​ជា​ភាព​តានតឹង​ជាមួយ​មន្ត្រី​តំបន់​ជប៉ុន​។

លោក​អភិបាល Tamaki បន្ថែមថា «​ប្រជាជន​រស់នៅក្នុង​ខេត្ត Okinawa តក់​ស្លុក​ចំពោះ​អ្វីដែល​យោធា​អាមេរិក​បាន​ប្រាប់​ពួកគេ​»​ ។ ដោយរូបលោក​ មាន​មន្ទិលសង្ស័យ​ខ្លាំង​ចំពោះ​វិធានការ​បង្ការ​ជំងឺ COVID-1៩ ដែល​ដាក់ចេញ​ដោយ​យោធា​អាមេរិក​។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត​រូបនេះ និយាយទៀតថា មន្ត្រី​លោក​ក៏បាន​ស្នើសុំ​រដ្ឋាភិបាល​ទាមទារ​ឲ្យ​អាមេរិក​ផ្ដល់ព័ត៌មាន​លម្អិត រួមមានចំនួន​ករណី​ឆ្លង បិទ​មូលដ្ឋានទ័ព Futenma និង​មូលដ្ឋានទ័ព Camp Hansen ហើយ​ដាក់ចេញ​វិធានការ​បង្ការ​ជំងឺ​លើ​មូលដ្ឋាន​ទាំងនេះ​។ ត្រង់ចំណុច​នេះ លោក Tamaki បានទាមទារ​តម្លាភាព​ក្នុង​ការវិវត្ត​ចុងក្រោយ​ក្នុង​សំណុំ​រឿងនេះ ហើយ​និយាយថា លោក​មាន​គម្រោង​ស្នើសុំ​កិច្ចសន្ទនា​រវាង​មន្ត្រី​របស់​ខេត្ត Okinawa និង​យោធា​អាមេរិក​។

​សូមជម្រាជថា កងទ័ព​អាមេរិក​ជាង​២​ម៉ឺន​នាក់ កំពុង​ប្រចាំការ​នៅ​មូលដ្ឋានទ័ព​ពួកគេ​ក្នុង​កោះ Okinawa ។ ក្នុងប្រទេស​ជប៉ុន អាមេរិក​មាន​កងទ័ព​សរុប​ប្រមាណ​៥​ម៉ឺន​នាក់ ដែល​ធ្វើការ​ក្រោម​កតិកាសញ្ញា​សន្តិសុខ​ទ្វេភាគី ។ ប្រជាជន​ជប៉ុន​ដែល​រស់នៅ​តំបន់​ក្បែរ​មូលដ្ឋានទ័ព​អាមេរិក មិនសូវ​ពេញចិត្ត ហើយ​តែង​រអ៊ូ​ទាំង​ពាក់ព័ន្ធ​នឹង​រឿង​បំពុល សំឡេង​រំខាន និង​ឧក្រិដ្ឋកម្ម​ជាដើម ៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print