បង្ក្រាបបានឈើក្នុងដែនជម្រកបរិស្ថានទៀតហើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: ឈើឈ្លីកជាច្រើនដែលក្រុមឈ្មួញបានយកមកទុកនៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងត្រូវបានសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ធ្វើការបង្ក្រាបប្រគល់ឲ្យជំនាញបរិស្ថានចាត់ការបន្តតាមនីតិវិធី។
ការបង្ក្រាបនេះផងដែរមិនមែនជាលើកទី ១នោះទេគឺច្រើនដងមកហើយក្នុងការបង្ក្រាបបទល្មើសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលការបង្ក្រាបនេះត្រូវបានមជ្ឈដ្ឋានលើកឡើងថាហាក់បីដូចជាបំបាក់មុខអស់លោកមន្ត្រីបរិស្ថានយ៉ាងខ្លាំង។
ការបង្រ្កាបឈើជាលក្ខណៈទ្រង់ទ្រាយធំដែលពុំធ្លាប់មាននាពេលកន្លងមកនេះធ្វើឡើងកាលពីវេលាម៉ោង០០ និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ខែកក្កដាឆ្នាំ២០២០ នៅក្នុងដីចម្ការស្វាយចន្ទីមួយកន្លែងស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែស្រទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានឱ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានក្រុមឈ្មួញបានយកទូកុងតឺន័រចូលទៅក្នុងចម្ការស្វាយចន្ទីនៅចំណុចខាងលើ់ ភ្លាមនោះលោកអធិការនគរបាលស្រុកឱរ៉ាល់បានចាត់កម្លាំងតាមឃ្លាំមើលតាំងពីក្បាលព្រលប់ឃើញពួកឈ្មួញកំពុងធ្វើសកម្មភាពយកអេស្កាវ៉ាទ័រលើកឈើដាក់ចូលក្នុងទូកុងតឺន័រពិតប្រាកដមែន។ក្រោយពីឃើញសកម្មភាពរបស់ក្រុមឈ្មួញដោយមានមេការម្នាក់កំពុងតែចាត់ចែងនៅទីនោះកម្លាំងបានរាយការណ៍មកលោកអធិការ ហើយមិនទុកយូរលោកអធិការក៏បានស្នើសុំគោលការណ៍ពីថ្នាក់លើដើម្បីធ្វើការចុះបង្ក្រាប។ជាក់ស្ដែងក្នុងប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចឃាត់បានអេស្កាវ៉ាទ័រមួយគ្រឿង រថយន្តV1សម្រាប់ផ្ឋុកទូកុងតឺន័រមួយគ្រឿង រថយន្តមីតស៊ុយប៊ីស៊ីពណ៌ត្រេអុីពាក់ស្លាកលេខខេមរភូមិន្ទ02.21985និងរថយន្តម៉ាកវីហ្គោពណ៌ត្រេអុីពាក់ស្លាកលេខខេមរ
ភូមិន្ទ02.2-9113ចំនួន១គ្រឿងព្រមទាំងម៉ូតូម៉ាកវ៉េវ១គ្រឿងទៀត។រថយន្តដែលសមត្ថកិច្ចឃាត់ទុកត្រូវបានដឹងថាមានម្ចាស់ឈ្មោះលឹម ផេង ជាមន្ត្រីយោធានិងរថយន្តមួយគ្រឿងទៀតជារបស់ឈ្មោះទុយ អ្នកទាំងពីរជាមេការមើលការខុសត្រូវការលើកដាក់ឈើចូលក្នុងទូកុងតឺន័រ។បុរសឈ្មោះទុយដែលជាមេការកំពុងមើលការខុសត្រូវបានប្រាប់ថា ឈើទាំងអស់ជារបស់មន្ត្រីយោធាភូមិភាគ៣ មួយរូបដែលធ្លាប់មានរឿងអាស្រូវកន្លងមក។បុរសដដែលបន្តថា ខ្លួនពុំមែនជាម្ចាស់ឈើទាំងអស់នេះទេ ខ្លួនគ្រាន់តែជាមេការមកមើលការលើកដាក់ឈើចូលក្នុងទូតែប៉ុណ្ណោះ។រឿងរ៉ាវយ៉ាងណានោះទាល់តែសួរមេគេទើបដឹងច្បាស់។អំឡុងពេលដែលសមត្ថកិច្ចកំពុងតែធ្វើការបង្ក្រាបបុរសឈ្មោះទុយនេះមិនបានទៅណានោះទេគឺគេនៅតាមនិយាយចរចាក្នុងន័យសុំបង់លុយឲ្យសមត្ថកិច្ច ហើយដកយកឡានចេញត្រឡប់ទៅវិញ តែត្រូវបានសមត្ថកិច្ចដែលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបដិសេធដាច់អហង្ការមិនព្រមធ្វើតាមសំណើរបស់បុរសឈ្មោះទុយនេះឡើយ ស្របពេលដែលសមត្ថកិច្ចកំពុងតែរវល់ដាក់កម្លាំងយាមកាមនៅនឹងកន្លែងបុរសឈ្មោះទុយក៏ឆ្លៀតឱកាសរត់គេចខ្លួនបាត់ទៅ ដោយបន្សល់រថយន្តដែលខ្លួននិងបក្ខពួកជិះមកមើលការងារហើយបន្សល់នៅនឹងកន្លែងរួមជាមួយរថយន្តដឹកទូកុងតឺន័រនិងអេស្កាវ៉ាទ័រមួយគ្រឿងទៀតស្របពេលដែលសមត្ថកិច្ចកំពុងតែប្រតិបត្តិការ។
ការនិយាយរបស់បុរសរូបនេះមិនត្រូវបានសមត្ថកិច្ចរួមនិឹងអ្នកយកព័ត៌មានយើងយកចិត្តទុកដាក់ស្ដាប់នោះទេ។ ក្រោយមកមានលេខទូរសព្ទអនាមិកមួយខែ្សបានទូរស័ព្ទមកគំរាមអ្នកយកព័ត៌មានយើងដោយគេនិយាយថាគេសុខចិត្តចំណាយលុយ១០ម៉ឺនដុល្លារដើម្បីធ្វើឱ្យអ្នកយកព័ត៌មានយើងមានបញ្ហាដល់អាយុជីវិត។
បន្ទាប់ពីធ្វើការយាមនៅកន្លែងបង្ក្រាបតាំងពីយប់រហូតដល់ពេលបាយថ្ងៃត្រង់រួចមកសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់បានធ្វើការប្រគល់វត្ថុតាងល្មើសរួមទាំងមធ្យោបាយពាក់ព័ន្ធទៅឱ្យជំនាញបរិស្ថានចាត់ចែងបន្តតាមនីតិវិធីច្បាប់។
មានការលើកឡើងផងដែរថា សមត្ថកិច្ចនគរបាលគួរតែប្រគល់ការងារនេះទៅឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តព្រោះរដ្ឋបាលព្រៃឈើមាននីតិវិធីច្រើនជាងបរិស្ថានក្នុងការចងក្រងសំណុំរឿងដើម្បីដាក់បន្ទុកទៅលើក្រុមឈ្មួញ។ បើទោះជាយ៉ាងណាតាមមន្ត្រីនគរបាលដែលចុះប្រតិបត្តិការបានបញ្ជាក់ប្រាប់ថា កន្លែងបង្ក្រាបគឺស្ថិតនៅក្នុងដែនគ្រប់គ្រងដោយបរិស្ថានមិនមែនក្រោមការគ្រប់គ្រងរបស់កសិកម្មនោះទេ ហេតុដូច្នេះហើយទើបគេប្រគល់ឱ្យបរិស្ថានជាអ្នកចាត់ចែង។
សូមរំលឹកថា នេះមិនមែនជាការបង្ក្រាបលើកទីមួយនោះទេនាពេលកន្លងមកថ្មីៗនេះ តែក្រុមឈ្មួញនៅតែបន្តសកម្មភាពដោយគ្មានខ្លាចញញើតច្បាប់បន្តិចណាទាល់តែសោះ។
សូមបញ្ជាក់ថា រយៈពេលថ្មីៗកន្លងទៅនេះសមត្ថកិច្ចនគរបាលបានធ្វើការបង្ក្រាបកន្លែងស្តុកឈើរបស់ក្រុមឈ្មួញមេរបស់ឈ្មោះទុយនេះបានជាបន្តបន្ទាប់និងកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមនីតិវិធី។មានការលើកឡើងផងដែរថា រឿងចាស់មិនទាន់ដោះស្រាយចប់ស្រួលបួលផងមិនគួរណាឈ្មោះលឹម ផេងនៅតែបន្តធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះសោះឬមួយក៏គាត់អាងខ្លួនពាក់ខោអាវជាយោធាទើបនៅតែចចេសរឹងរូសប្រព្រឹត្តខុសច្បាប់បែបនេះ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print