ខេត្តកំពង់ចាម៖ ការអាន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃមូលដ្ឋានគ្រឹះជាច្រើនក្នុងវិស័យអប់រំ ។ ជាមួយគោលបំណង ដើម្បីបំពាក់បណ្តុះវប្បធម៌ នៃអានដល់កុមារកម្ពុជា ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំកម្មវិធីប្រឡងអានសៀវភៅ លើកដំបូងសម្រាប់សិស្សានុសិស្ស នៅសាលាបឋមសិក្សាខ្យោង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
លោក James Maនាយកផ្នែកទំនាក់ទំនងបុគ្គលិកនិងការងារសង្គមណាហ្គាវើលបានមានប្រសាសន៍ថា “ណាហ្គាវើលបេះដូងសប្បុរសតែងតែយកចិត្ដទុកដាក់អំពីការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។យើងបានផ្តួចផ្តើមបង្កើតកម្មវិធីប្រឡងអានសៀវភៅជាមួយគោលបំណងដើម្បីបណ្តុះវប្បធម៌អានសៀវភៅក្នុងចំណោមកុមារកម្ពុជានៅតាមបណ្តាខេត្ត ។ លើសពីនេះទៀតយើងជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងនេះនឹងជួយបង្កើនគុណភាពនិងបរិមាណនៃការអានសៀវភៅក្នុងចំណោមកុមារកម្ពុជានាពេលអនាគត។នៅឆ្នាំ ២០១៥ យើងបានបង្កើតបណ្ណាល័យមួយក្នុងសាលាបឋមសិក្សាខ្យោងសម្រាប់សហគមន៍លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដោយរំពឹងថាពួកគេនឹងប្រើបណ្ណាល័យនេះសម្រាប់អាននិងដើម្បីធ្វើការសិក្សាស្រាវជ្រាវផងដែរ។ជាការឆ្លើយតបពីប្រជាពលរដ្ឋគឺមានអ្នកអានយ៉ាងច្រើនលើសលុប ។ កម្មវិធីប្រឡងអានសៀវភៅនេះ គឺពិតជាជម្រុញលើកទឹកចិត្តឲ្យកុមារអានសៀវភៅក្នុងបណ្ណាល័យនេះបានច្រើនជាងមុន និងញឹកញាប់ទៀតផង” ។
លោកបានបន្ថែមទៀតថា“អ្នកឈ្នះក្នុងកម្មវិធីប្រឡងអានសៀវភៅ នឹងទទួលបានទាំងរង្វាន់ជាសាច់ប្រាក់ និងរង្វាន់ជាសៀវភៅរឿងផងដែរ។រង្វាន់ទាំងអស់នេះត្រូវបានប្រគល់ជូនដោយណាហ្គាវើលបេះដូងសប្បុរស។យើងសង្ឃឹមថាសិស្សានុសិស្សនឹងព្យាយាមហើយព្រមទាំងចំណាយពេលវេលារបស់ពួកគេដើម្បីអានសៀវភៅបន្ថែមទៀត។ជាការពិតណាស់ ការអានច្រើន គឺចេះច្រើន។សកម្មភាពនេះនឹងពង្រឹងការភ្ជាប់ទំនាក់ទំនងពីតំបន់តាមខេត្តជាមួយការអភិវឌ្ឍន៍ពិភពលោក។កម្មវិធីប្រឡងអានសៀវភៅ គឺទទួលបានលទ្ធល្អប្រសើរ និងលើសលប់ហើយយើងនឹងមិនត្រឹមតែបន្តកម្មវិធីនេះជាភាសាខ្មែរប៉ុណ្ណោះនោះទេ តែយើងថែមទាំងមានជាភាសាអង់គ្លេសទៀតផងនាពេលអនាគត”។
លោក សុផាត សន្តិភាពកុមារនាយកសាលាបឋមសិក្សាខ្យោងបានមានប្រសាសន៍ថា“នេះមិនមែនជាលើកទីមួយទេដែលណាហ្គាវើលបេះដូងសប្បុរសបានផ្តួចផ្តើមបង្កើតកម្មវិធីអប់រំដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងឲ្យខិតខំសិក្សារៀនសូត្រ។កម្មវិធីប្រឡងអានសៀវភៅនេះ គឺសប្បាយ ហើយមានការប្រកួតប្រជែងសម្រាប់កុមាររបស់យើង! វាគឺពិតជាអស្ចារ្យណាស់សម្រាប់យើងទាំងអស់គ្នា។សិស្សម្នាក់ៗបានខិតខំប្រឹងប្រែងដើម្បីយកជ័យឈ្នះក្នុងការប្រកួតប្រជែងនេះ។ការប្រកួតប្រជែងនេះគឺមិនមែនគ្រាន់តែអានឲ្យបានច្រើននោះទេប៉ុន្តែទាមទារឲ្យយល់ពីអត្ថន័យនៃសៀវភៅដែលពួកគេបានអានផងដែរ”។
លោកបានបន្តទៀតថា“ណាហ្គាវើលបេះដូងសប្បុរសតែងតែឧបត្ថម្ភសម្ភារៈសិក្សាដូចជា កាតាបសិស្សសៀវភៅសរសេរកូនកាបូបដាក់ប៊ិចខ្មៅដៃ និងបណ្ណសរសើរសម្រាប់សិស្សពូកែផងដែរ។លើសពីនេះទៀតណាហ្គាវើលបេះដូងសប្បុរសជួយពង្រឹងសកម្មភាពកីឡាតាមរយៈការផ្តល់ជាការបណ្តុះបណ្តាលបាល់ទាត់ និងបាល់ទះ ព្រមទាំងផ្តល់សម្ភារៈកីឡា។តាំងនាមឲ្យសិស្សានុសិស្សលោកគ្រូអ្នកគ្រូ និងសហគមន៍ ខ្ញុំសូមថ្លែងអំណរគុណដល់ណាហ្គាវើលនិងបុគ្គលិកទាំងអស់ដែលបានចំណាយទាំងថវិកា និងពេលវេលារបស់ពួកគេដើម្បីជួយសាលារបស់យើង។យើងសូមជូនពរឲ្យពួកគេទទួលបានជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន”។
អុលស្រីសជាសិស្សថ្នាក់ទី៦ដែលបានឈ្នះរង្វាន់លេខ១ បានឲ្យដឹងថា“យើងសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីប្រឡងអានសៀវភៅដែលបានរៀបចំឡើងដោយណាហ្គាវើលបេះដូងសប្បុរស។ការប្រកួតប្រជែងនេះ មានការលំបាកបន្តិចបន្តួចដែរពីព្រោះយើងត្រូវអានកុំឲ្យខុសប៉ុន្តែយើងពិតជារីករាយណាស់។កម្មវិធីប្រឡងអានសៀវភៅនេះ មានសារៈសំខាន់ណាស់សម្រាប់រូបខ្ញុំនិងសិស្សានុសិស្សទាំងអស់ព្រោះវាជម្រុញឲ្យយើងអានសៀវភៅ។ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ណាហ្គាវើលចំពោះរង្វាន់ជាសាច់ប្រាក់និងរង្វាន់ជាសៀវភៅរឿងដែលបានផ្តល់ឲ្យរូបខ្ញុំ”៕
ដោយ៖ ស ដារ៉ា