ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ទើបមានអាយុកាលនៃការបង្កើតក្បាលម៉ាស៊ីនដឹកនាំបានជាង៣ខែប៉ុណ្ណោះ ប៉ុន្ដែ ថ្នាក់ដឹកនាំមានគោលដៅសំខាន់ គឺបញ្ជ្រាបកីឡាទូកក្ដោងនេះឱ្យបានទូលំ ទូលាយដល់សាធារណជនពិសេសយុវជន ដើម្បីទាក់ទាញពួកគាត់មកចូលរួម លេងឬក៏ហ្វឹកហាត់ជាមួយសហព័ន្ធក្នុង គោលបំណងបង្ហាញពីសកម្មភាព និង ការគាំទ្ររបស់យុវជនយើងឈានទៅរកការចូលជាសមាជិកសហព័ន្ធកីឡាទូក ក្ដោងអន្ដរជាតិនាថ្ងៃអនាគត ។
កីឡាទូកក្ដោងកម្ពុជាធ្លាប់បានបង្ហាញ វត្ដមានលើកដំបូងឱ្យពលរដ្ឋខ្មែរបានឃើញ ពីភាពអស្ចារ្យរបស់ខ្លួននៅក្នុងពិធីបុណ្យសមុទ្រនាចុងឆ្នាំ២០១៥កន្លងទៅនៅលើទឹកដីខេត្ដកំពតក្រោយពីសហព័ន្ធបង្កើតឡើងនោះ ។ ចំពោះសកម្មភាពសម្ដែង រយៈពេល៣ថ្ងៃនៅខេត្ដកំពតកីឡាទូក ក្ដោងកម្ពុជាហាក់ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងដោយទាក់ទាញអ្នក ទស្សនាបានច្រើនលើសពីការរំពឹងទុក របស់ថ្នាក់ដឹកនាំកីឡាប្រភេទថ្មីមួយនេះ ដោយមានការចូលរួមជួយពីគ្រូបង្ហាត់ និងកីឡាករមកពីប្រទេសសិង្ហបុរី ។
លោកថោ រដ្ឋាស័ក្ដិ អនុប្រធាន សហព័ន្ធកីឡាទូកក្ដោងកម្ពុជាបាន បង្ហើបឱ្យដឹងថា ការបញ្ជ្រាបកីឡាទូក ក្ដោងឱ្យពលរដ្ឋខ្មែរបានយល់ដឹងគឺជា កត្ដាចាំបាច់បំផុតរបស់យើងទាំងអស់ គ្នាដើម្បីជំរុញដល់ការអភិវឌ្ឍផ្នែកធន ធានមនុស្សឱ្យច្រើនតាមដែលអាចធ្វើ ទៅបាន ពីព្រោះសហព័ន្ធត្រូវការជួយពី មជ្ឈដ្ឋានទូទៅ ពិសេសគឺយុវជន ។
លោកអនុប្រធានបានបន្ដទៀតថា អ្វីដែលយើងអាចធ្វើបាននាពេលនេះ គឺការចូលរួមសម្ដែងបន្ដទៀតក្នុងពិធី បុណ្យទន្លេឆ្នាំនេះនៅឯខេត្ដកំពង់ចាម ដើម្បីទាក់ទាញការចាប់អារម្មណ៍បន្ថែមពីមហាជននិងចង់បញ្ជាក់ឱ្យឃើញថា កីឡាទូកក្ដោងអាចជិះឬក៏ប្រកួតបាន គ្រប់ទីកន្លែងទាំងអស់មិនថាសមុទ្រឬ ទន្លេបឹងបួនោះទេអ្វីដែលសំខាន់នោះ គឺ ឱ្យតែមានទឹកនិងខ្យល់គ្រប់គ្រាន់អាចជិះវាបានហើយ ។
លោកបានបន្ដទៀតថា សហព័ន្ធមាន គម្រោងបើកវគ្គបណ្ដុះបណ្ដាលកីឡាករកីឡាការិនីម្ដងទៀតនៅឯមូលដ្ឋានកង ទ័ពជើងទឹករាម ប៉ុន្ដែមិនយកគ្រូមកពី បរទេសបង្ហាត់ដូចមុនទៀតទេ គឺយើង ធ្វើត្រឹមតែគ្រូខ្មែរប៉ុណ្ណោះដែលជាកង ទ័ពបើទោះបីពួកគាត់មិនធ្លាប់មានបទ ពិសោធន៍ផ្នែកកីឡាទូកក្ដោងអន្ដរជាតិ ក៏ដោយប៉ុន្ដែពួកគាត់មានបទពិសោធន៍ក្នុងការជិះទូកក្ដោងហើយក៏អាចបង្ហាត់ អ្នកជំនាន់ក្រោយបានដូចគ្នានឹងគ្រូបរទេស ដែរ ៕
ដោយ៖ សារីម