ខេត្តកំពង់ឆ្នាំង៖ នៅទីសត្តឃាតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង មានអាជីវកលក់ដូរនៅផ្សារលើ និងផ្សារឆ្នាំង (ផ្សារក្រោម) ចំនួន៨នាក់ ក្នុងចំណោម១២ នាក់បានប្រតិកម្មតវ៉ាចំពោះការ បញ្ចូលបន្ថែមអាជីវករថ្មី ចំនួន៦នាក់ទៀត ។
ការប្រតិកម្មតវ៉ារបស់ អាជីវករចាស់ខាងលើនេះ បានកើតឡើងរយៈពេល ជាង១ខែកន្លងមកហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយ សមស្របណាមួយនៅឡើយ ផ្ទុយទៅវិញបែរជាអនុញ្ញាតិ ចេញលិខិតអាជីវកម្មអោយអាជីវករថ្មី ទាំង៦នាក់ចូលទៅកាប់ជ្រូក នៅទីសត្តឃាតខាងលើ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដែលធ្វើអោយការតវ៉ា ហៀបនឹងកើតជា ជម្លោះហិង្សាក្តៅគគុក រវាងអាជីវករចាស់និងអាជីវករថ្មី ។
បើទោះយ៉ាងណាក្រុមអាជីវករ ចាស់ចំនួន៨នាក់ បានដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ទៅលោក រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ឌិត អ៊ុក រ៉ាប៊ុន រួចហើយកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ ។
ក្រុមអាជីវករចាស់ទាំង៨នាក់ បានរៀបរាប់ថា អាជីវករទាំងអស់មានគ្នាចំនួន ១២នាក់ ក្នុងមួយថ្ងៃកាប់ជ្រូកម្នាក់ខ្លះ១ក្បាល ឯអ្នកខ្លះទៀត ពីរឬបី ក្បាលប៉ុណ្ណោះ ការលក់ចែកចាយក្នុងក្រុងកំពង់ឆ្នាំង មិនអស់សាច់ជ្រូកផង បើថែមអាជីវករថ្មីទៀតបែបនេះ ធ្វើអោយពួគគាត់រិតតែមានបញ្ហាធ្ងន់ធ្ងរ ពិសេសជីវភាពប្រចាំថ្ងៃ ។ ម្យ៉ាងវិញទៀត អាជីវករថ្មីទាំង៦នាក់នោះ ដែលទើបបបញ្ចូលថ្មី ពួកគេមានអាជីវកម្ម កាប់ជ្រូកនៅផ្សារពង្រ រួចទៅហើយ មិនគួរអនុញ្ញាតអោយចូលមកក្នុង ផ្សារលើ និងផ្សារឆ្នាំង (ផ្សារក្រោម) ធ្វើអោយមានការ ប្រជែងគ្នាបែបនេះឡើយ ។
នាពេលកន្លងទៅថ្មីៗនេះ នៅស្នាក់ការផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង មានការប្រជុំរកដំណោះស្រាយ រវាងក្រុមអាជីវករ លើបញ្ហាការតវ៉ានេះ ប៉ុន្តែការប្រជុំ នាពេលនោះ ត្រូវបានគេរាយការណ៍ថា មិនចេញលទ្ធផលវិជ្ជមានឡើយ បែរជាក្លាយទៅជាទីលានជម្លោះ រវាងអាជីវករ និងមន្ត្រីបសុពេទ្យទៅវិញ ។ ក្រុមអាជីវករបានរៀបរាប់ ទៀតថា ជារៀងរាល់ដង ប្រចាំថ្ងៃគឺ ជ្រូក១ក្បាលដែលកាប់នៅ ទីសត្តឃាតគេយកតម្លៃផាស៊ី៥ពាន់រៀល និងបង់អោយពេទ្យសត្វ៤ពាន់រៀល ពន្ធដារ១៥០០រៀល ។
ពាក់ព័ន្ធពត៌មានខាងលើ បើយោងប្រភពមួយមិនទាន់ច្បាស់ការណ៍មួយ បានបង្ហើបអោយដឹងថា ការបញ្ចូលអាជីវករថ្មីទាំងនេះត្រូវបាន គេសង្ស័យថាមាន ការប្រព្រឹត្តអំពើពុករលួយដោយហេតុ ពត៌មានទទួលបាននោះនិយាយថា ក្នុងអាជីវករថ្មីម្នាក់ៗ ចំណាយលុយរត់ការចាប់ពី៣ពាន់ ទៅ៥ពាន់ដុល្លាឯណោះ ។
ពាក់ព័ន្ធនិងករណីនេះមន្ត្រីពេទ្យសត្វបានអោយដឹងថា ជាទីផ្សារសេរី ចឹងនរណាក៍អាចដាក់ពាក្យសុំធ្វើអាជីវកម្មបានដែរ ៕
ដោយ៖ ចន្ថា