ក្រសួងបរិស្ថានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាបនៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ១១ រោជ ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំ«បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប នៅសហគមន៍តំបន់ការពារធម្មជាតិត្មាតប៉ើយធឿនក្រសាំង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន និងជាប្រធានសម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់ជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រធាន និងសមាជិក បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងជើងបឹងទន្លេសាប តំណាងអង្គការដៃគូសហការ និងប្រជាសហគមន៍មួយចំនួន។ វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ «តួនាទីបណ្តាញ ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ»។

លោកស្រី ភោគ ហុង ប្រធានគណៈកម្មការបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» ថ្នាក់តំបន់ខាងជើងបឹងទន្លេសាប បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះមានសារៈសំខាន់ ដែលផ្តល់ឱកាសឱ្យសហគមន៍តំបន់ការពារធម្មជាតិ អាចដកពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរវឌ្ឍន៍ជីវភាពសហគមន៍។ ជាមួយគ្នានេះ សមាជិកបណ្តាញ ក៏បានលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយជាមួយមន្រ្តីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធដើម្បីពង្រឹងកិច្ចសការល្អថែមទៀតក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។

ក្នុងឱកាសនោះ លោក ខៀវ បូរិន បានលើកឡើងថាកិច្ចប្រជុំរៀបចំឡើងជាលើកទី១ នៅក្នុងឆ្នាំ២០២០ ក្នុងគោលបំណងបង្ហាញពីសកម្មភាពការងារ និងសមិទ្ធិផលបណ្តាញ សហគមន៍អភិរក្សធនធានធម្មជាតិ តំបន់ខាងជើងបឹងទន្លេសាបសម្រេចបាន និងកំណក់បញ្ហាប្រឈម ព្រមទាំងសស្វែងរកដំណោះស្រាយ លើការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ។ នៅក្នុងឱកាសនេះ បណ្តាញសហគមន៍បានទទួលបទពិសោធន៍ពីពីអ្នកពាក់ព័ន្ធ និងពិភាក្សាលើការរៀបចំកំណត់ផែនការសកម្មភាពជាអាទិភាពសម្រាប់អនុវត្តបន្ត។ លោកបានបន្ថែមថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រសួងបរិសា្ថន បានរៀបចំវេទិកាថ្នាក់ជាតិលើកទី១ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ វេទិកាបានអនុញ្ញាតឱ្យក្រសួងបរិស្ថាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសហគមន៍មូលដ្ឋាន៣កម្រិត ១. សម្ព័ន្ធសហភាពសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់ជាតិ» ២.បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់» (តំបន់ខាងត្បូងបឹងទន្លេសាប តំបន់ខាងជើងបឹងទន្លេសាប និងតំបន់ខាងកើតទន្លេមេគង្គ) និង៣.សហព័ន្ធសហគមន៍អភិរក្សធនធានធម្មជាតិ«ថ្នាក់តំបន់ការពារធម្មជាតិ» ក្នុងគោលបំណងពង្រឹងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍ និងចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតនៅមូលដ្ឋាន។

សូមបញ្ចាក់ថា ក្រសួងបរិស្ថាន បានដំណើរការរៀបចំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ទាំងថ្នាក់មូលដ្ឋាន ថ្នាក់តំបន់ និងថ្នាក់ជាតិ ដែលមានសមាសភាព៖ នៅថ្នាក់ជាតិ មានសមាជិកគណៈកម្មការ ១១នាក់ ក្នុងនោះស្រ្តី ២នាក់ នៅថ្នាក់តំបន់ មាន៣តំបន់ មានសមាជិកគណៈកម្មការ ២៣នាក់ ក្នុងនោះស្រ្តី៤នាក់ និងនៅថ្នាក់មូលដ្ឋាន មាន៣៥បណ្តាញ មានសមាជិកគណៈកម្មការ ២២៨នាក់ ក្នុងនោះស្រ្តី៣១នាក់។ សន្និបាតលើកទី១ ស្តីពី «បណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីកំណត់នូវយុទ្ធសាស្រ្តដោះស្រាយ លើបញ្ហានានាដែលកំពង់កើតមាននៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដូចជាបញ្ហាកាប់រានដីព្រៃ គណៈកម្មការមិនទាន់យល់ពីតួនាទីក្នុងការអនុវត្តកិច្ចការងារបណ្តាញ ធនធានថវិកាគាំទ្រសកម្មភាពបណ្តាញនៅថ្នាក់មូលដ្ឋាន៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print