ចិន៖ ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​ការសម្រេចចិត្ត​របស់​អង់គ្លេស​ក្នុងការ​ហាមឃាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៉ីនធើណេត​ជំនា​ន់ទី​៥ (5G) របស់​ក្រុមហ៊ុន Huawei

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បាន​ចោទប្រកាន់​អង់គ្លេស​ថា ព្រោះតែជឿ​តាម​ការបោកប្រាស់​របស់​អាមេរិក ទើបអង់គ្លេសសម្រេចចិត្ត​​ក្នុងការ​ហាមឃាត់​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៉ីនធើណេត​ជំនា​ន់ទី​៥ (5G) របស់​ក្រុមហ៊ុន Huawei ។ មិនតែប៉ុណ្ណោះ ទីក្រុង​ប៉េកាំង​ ក៏​រិះគន់​ក្រុង​ឡុង​ដ៍​ថា មិន​គោរព​តាម​គោលការណ៍​ទីផ្សារសេរី​ទៀតផង​ ដែល​សកម្មភាព​បែបនេះ នឹងរង​ការ​វាយបក​វិញ​មិន​ខាន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិនរូបនេះ អ្នកស្រី Hua Chunying ចាត់ទុក​ការសម្រេចចិត្ត​របស់​អង់គ្លេស​ក្នុងការ​ហាមឃាត់​បច្ចេក​វិទ្យា​ក្រុមហ៊ុន​ចិន ជា​វិធានការ​ធ្វើឡើង​ដោយ​គ្មាន​ព័ស្តុ​ង​តាង​ជាក់ស្ដែង និង​ពឹង​ផ្អែកលើ​ហានិភ័យ​ដែល​មិនបាន​កើតឡើង​អ្វី​សោះ​។ ពោលគឺអង់គ្លេស​ចូល​ដៃ​ចូល​ជើង​ជាមួយ​អាមេរិក​ដើម្បី​រុញ​ក្រុមហ៊ុន​ចិន​ទៅ​ម្ខាង​ប៉ុណ្ណោះ ដែល​វា​បាន​បំពាន​ច្បាស់ៗ​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ និង​បញ្ញត្តិ​ពាណិជ្ជកម្ម​សេរី ក៏ដូចជា​ប៉ះពាល់​កិច្ចសហប្រតិបត្តិការ​ចិន​-​ចក្រភព​អង់គ្លេស​ផងដែរ​។​

អ្នកស្រី Hua ឆ្លើយតប​នឹង​សំណួរ​របស់​សារព័ត៌មាន​អង់គ្លេស BBC ពាក់ព័ន្ធ​ជំហរ​របស់​ចិន​អំឡុងពេល​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៥ខែកក្កដា​ម្សិលមិញនេះ អ្នកស្រីបញ្ជាក់ថា៖«​ចិន​នឹង​វាយតម្លៃ​ការវិវត្ត​ស្ថានការណ៍​មួយ​នេះ​ដោយ​ម៉ត់ចត់ និង​គ្រប់​ជ្រុងជ្រោយ ហើយនឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ភាពស្របច្បាប់ និង​ប្រយោជន៍​តាមផ្លូវ​ច្បាប់​របស់​ក្រុមហ៊ុន​ចិន​» ។ប៉ុន្តែមន្ត្រី​ចិន​រូបនេះ​មិន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការឆ្លើយ​ឡើយ តែ​ថែម​មួយ​ឃ្លា​ថា «​ទទួលផល​នូវ​អ្វីដែល​បានធ្វើ​»​។​

​អ្នកនាំពាក្យ​រូបនេះ​ក៏​ចោទ​ជា​សំណួរ​ទៅ​អង់គ្លេស​វិញ​ថា តើ​ចង់​មានការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ឬក៏​សុខចិត្ត​ធ្វើជា​កូនចៅ ឬ​ធ្វើតាម​ការបញ្ជា​របស់​អា​មេ​រិ​ក​? ។

​គួរបញ្ជាក់ថា ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១៤ ខែកក្កដាថ្មីៗនេះ បានប្រកាសថា នឹង​លែង​ទិញ​គ្រឿង​បរិក្ខារ​អ៉ីនធើណេត 5G ពី​ក្រុមហ៊ុនHuawei ចាប់ពី​ឆ្នាំ​២០២១ ទៅ ហើយនឹង​រើ​ចោល​គ្រឿង​បរិក្ខារ​មាន​ស្រាប់​ក្នុង​រយៈពេល​៧​ឆ្នាំ​ខាងមុខ​។ វិធានការ​ការពារ​ស​ន្តិ​សុខ​ជាតិ​ដែល​ត្រូវបាន​មើលឃើញថា ធ្វើតាម​ការទាមទារ​រ​បស់​អាមេរិក ធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​ខាង​សម្បារ​យ៉ាងខ្លាំង​ដោយបាន​រិះគន់​អង់គ្លេស​ខ្លាំងៗ រហូត​គំរាម​ចាត់វិធានការ​តប​វិញ​ទៀតផង​។​

សូមជម្រាបថា ក្រុមហ៊ុនHuawei បាន​ក្លាយជា​ចំណុច​មួយ​ក្នុងចំណោម​សំណុំរឿង​រាប់​ជំពូក​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​។បន្ទាប់ពីអាមេរិក បាន​ទទូច​ឲ្យ​ប្រទេស​នានា​កាត់ផ្ដាច់​ការប្រើប្រាស់​បច្ចេក​វិទ្យា 5G របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ បើ​ពួកគេ​មិន​ចង់​រងគ្រោះ​ដោយសារ​ការ​លួច​ទិន្នន័យ​នោះ​។ មុន​អង់គ្លេស អាមេរិក​បាន​អូស​កាណាដា​ឲ្យ​ចូលក្នុង​សង្វៀន​នេះ​តាមរយៈ​ការចាប់ខ្លួន​មន្ត្រី​ហិរញ្ញវត្ថុHuawei ។ បច្ចុប្បន្ន ទំនាក់ទំនង​ចិន និង​កាណាដា ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print