អន្តរជាតិ៖ លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ បានស្នើសុំទៅរដ្ឋាភិបាលចិន ឲ្យពិចារណាបង្កើនការនាំចូលផលិតផលកសិកម្មពីប្រទេសថៃបន្ថែមទៀត នឹងទទូចឲ្យអ្នកវិនិយោគចិនវិលត្រលប់ទៅកាន់ប្រទេសថៃវិញ ខណៈស្ថានការណ៍ COVID-19 ក្នុងប្រទេសទាំងពីរបានធូរស្រាលច្រើន។ ដោយការស្នើសុំរបស់លោក ប្រាយុទ្ធ ចន្ទអូចា បានធ្វើឡើងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី ១៤ ខែកក្កដាថ្មីៗនេះ ដើម្បីសាទរខួបទី៤៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងថៃ-ចិន។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ដែលសរសេរដកស្រង់សម្តីអ្នកនាំពាក្យរដ្ឋាភិបាលថា «ឧត្តមសេនីយ៍ ប្រាយុទ្ធ បានស្នើសុំចិនឲ្យពិចារណានាំចូលកសិផលបន្ថែមទៀតពីប្រទេសថៃ ។ដោយប្រធានាធិបតីចិន ធ្លាប់បានសន្យាជំរុញការនាំចូលនេះតាមរយៈយន្តការកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មដែលមានស្រាប់»។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បញ្ជាក់ទៀតថា ភាគីទាំងសងខាង បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងអស់ រួមមាន សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងវិស័យនវានុវត្តន៍ជាដើម។ ហើយចិនក៏សន្យាជំរុញកិច្ចគាំទ្រលើគោលនយោបាយ ៤.០ ថៃរបស់រដ្ឋាភិបាលនិងគម្រោងច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ផងដែរ។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដដែល នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ក៏បានសន្យាដែរថា ប្រទេសថៃ នឹងដំណើរការឡើងវិញនូវគម្រោងដែលត្រូវបានលើកពេលដោយសារជំងឺរាតត្បាតសកល COVID-19 ឲ្យបានឆាប់កាលណាស្ថានការណ៍ជំងឺនេះធូរស្រាលច្រើន។
កាសែតបាងកកប៉ុស្តិ៍ បានបញ្ជាក់ទៀតថា លោក ប្រាយុទ្ធ និយាយដូច្នេះ «ថៃ នៅតែចាប់អារម្មណ៍រៀនសូត្រពីបទពិសោធរបស់ចិន ក្នុងការដោះស្រាយបញ្ហាភាពក្រីក្រ និងការលុបបំបាត់អំពើពុករលួយជាដើម»។
ក្នុងអំឡុងកិច្ចសន្ទនាជាមួយលោក ប្រាយុទ្ធ និងលោកស៊ី ជិនភីង ក៏បានចែករំលែកបទពិសោធក្នុងការទប់ទល់ជាមួយជំងឺឆ្លង COVID-19 ហើយក៏បានលើកសរសើរប្រធានាធិបតីចិនសម្រាប់ការចាត់ចែងការផ្ទុះរាលដាលយ៉ាងល្អក្នុងប្រទេសចិនផងដែរ៕ដោយ៖ស តារា