ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំវគ្គផ្សព្សផ្សាយអំពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ(CEDAW) និងច្បាប់ពាក់ព័ន្ធ

ចែករំលែក៖

ខេត្តកែប៖ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោកស្រី មឹន មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី៖ “អនុសញ្ញាស៊ី-ដ (CEDAW) និងអនុសាសន៍១១ចំណុចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន” ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង អង្គភាពពាក់ព័ន្ធ មន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ខេត្តកោះកុង ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តកណ្ដាល) សរុបប្រមាណ១០០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី៖ “អនុសញ្ញាស៊ី-ដ និង អនុសាសន៍១១ចំណុចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាបង្កើនការយល់ដឹង ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មពីគ្រប់អង្គភាពក្រោមឱវាទក្រសួងក្នុងយុទ្ធនាការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ព្រមទាំងពង្រឹងការតាមដានការអនុវត្តអនុសញ្ញា និងច្បាប់ពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ថ្លែងក្នុងសុន្ទរកថាបើក លោកស្រីរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកកម្ពស់សិទ្ធិរបស់នារីភេទ តាមរយៈការបង្កើនសមាស ភាពស្ត្រីភេទក្នុងជួរថ្នាក់ដឹកនាំតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ តួយ៉ាងនៅក្រសួងសាធារណការ និង ដឹកជញ្ជូនមានស្ត្រីដែលមានឋានៈជារដ្ឋលេខាធិការចំនួន៤រូប និងមានលោកជំទាវអភិបាលនៃគណៈ អភិបាលខេត្តកោះកុងជាដើម។

លោកស្រី រដ្ឋលេខាធិការបានបន្តថា៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញឱ្យមានថ្នាក់ដឹកនាំជាស្ត្រីនៅតាមស្រុក/ខណ្ឌ-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ពោលគឺយ៉ាងហោចណាស់ឱ្យមានអភិបាល រងស្រុក/ខណ្ឌ/ក្រុង និងអភិបាលរងខេត្ត ឬរាជធានីផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរចំពោះវាគ្មិន និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញមកពីទីជិតទីឆ្ងាយចូលរួមកម្មវិធីនេះ និងបានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការសួរដេញដោល ផ្ដល់មតិយោបល់ និងចែករំលែកចំណេះដឹងពាក់ព័ន្ធឱ្យបានផុលផុស ដើម្បីឱ្យសិក្ខាសាលានេះប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កាតាមការគ្រោងទុក និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសឱ្យផុតពីមេរោគកូវីដ១៩។

ជាមួយគ្នានោះផងដែរ លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគោលការណ៍សុវត្ថិភាពជាចម្បង ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ទាំងឡាយ និងត្រូវចងចាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីគឺ៖ ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print