ខេត្តសៀមរាប៖ ពិតជាអស្ចារ្យមែនមជ្ឃមណ្ឌលសួនមេអំបៅបន្ទាយស្រីក្នុងខេត្តសៀមរាប មានមេអំបៅរាប់លានក្បាលនៅក្នុងសួនផ្កាដ៏ស្រស់ស្អាត និងជាសួនមេអំបៅធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៦ ខែកក្កដានេះ។
សួនមួយនេះ មានមេអំបៅជាច្រើនប្រភេទ ដែលសុទ្ធតែជាប្រភេទពូជមេអំបៅនៅក្នុងស្រុក។ ពេលវេលាល្អបំផុតសម្រាប់ទស្សនាសត្វមេអំបៅនេះ គឺពេលព្រឹក ព្រោះវាចេញមកក្រេបលំអងផ្កា។ ចំណែកឯពេលថ្ងៃ និងពេលល្ងាច មិនសូវមានមេអំបៅចេញមកក្រៅនោះទេ។
បើតាមក្រសួងបរិស្ថាន សត្វមេអំបៅជាប្រភេទសត្វល្អិតមួយប្រភេទដែលមានលក្ខណៈពិសេសជាច្រើន និងមានពណ៌ចម្រុះយ៉ាងស្រស់ស្អាត។ សត្វមេអំបៅអាចដឹងក្លិនតាមរយៈជើងរបស់វា ពីព្រោះវាមានប្រដាប់ស្រង់ក្លិន ដែលអាចឱ្យវាអាចភ្លក់រសជាតិចំណីបានពេលវាទំពីលើ។ ចំណែកឯប្រមោយរបស់មេអំបៅ មាននាទីសម្រាប់ស្រង់វិញ្ញាញពិបរិយាកាសនៅជុំវិញខ្លួនវាដើម្បីស្វែងរកគូបង្កកំណើត។ មេអំបៅមានស្លាបចំនួន៤ ស្រកាល្អិតៗកោង។
លក្ខណៈពិសេសរបស់មេអំបៅមួយទៀតគឺ ប្រមោយច្រមុះរបស់វា ប្រើសម្រាប់ស៊ីចំណី ក្រេបទឹកដមផ្កា និងរសជាតិប្រៃផ្សេងៗដែលមានសារៈសំខាន់ នៅពេលរុក្ខជាតិផ្ការោយលំអង។
សូមបញ្ជាក់ថា ក្រៅពីដើរទស្សនាមេអំបៅ ទេសចរអាចសិក្សាស្វែងយល់អំពីផលប្រយោជន៍នៃការអភិរក្សសត្វមេអំបៅ និងគម្រោងអភិវឌ្ឍន៍នៅក្នុងសហគមន៍នេះ៕
ដោយ៖ ស សម