នៅ​ថ្ងៃទី​១៧-១៨ ខែសីហាខាងមុខនេះ៖ ក្រសួង​អប់រំ អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន រៀបចំ​វិញ្ញាសា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)

ចែករំលែក៖

ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៧–១៨ ខែសីហា ឆ្នាំ​២០២០ខាងមុខនេះ ក្រសួង​អប់រំ យុវជន និង កីឡា បានប្រកាសអនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជនរៀបចំ​វិញ្ញាសា​សម្រាប់​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទៅតាម​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន​។ ប៉ុន្តែ​គ្រឹះស្ថានសិក្សា​ឯកជន ត្រូវតែ​រៀបចំ​វិញ្ញាសា​ទៅតាម​ស្តង់ដា​ដែល​ក្រសួង​បាន​ដាក់ចេញ​កន្លងមក​។ ដោយមុននឹង​រៀបចំ​ការប្រឡង ក្រសួង​តម្រូវ​ឲ្យ​គ្រឹះស្ថានសិក្សា​ប​ញ្ចូ​នប​ញ្ជី​ឈ្មោះ​ទៅ​ឲ្យ​ក្រសួង​ឲ្យ​បាន​មុន​ខែសីហា​។

​សូមជម្រាបថា សម្រាប់​មុខវិជ្ជា​ប្រឡង​បាក់​ឌុប ក្រសួង​កំណត់​ដូចនឹង​មុខវិជ្ជា ដែល​ក្រសួង​ធ្លាប់​ចេញ​កន្លងមក​។ រីឯមុខវិជ្ជា​ប្រឡង​បាក់​ឌុប​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មានដូចជា៖ ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា និង​គណិតវិទ្យា​។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មានដូចជា៖ ផែនដី និង​បរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​អក្សរសាស្ត្រ​ខ្មែរ​។

​ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​បាក់​ឌុប​ប្រកបដោយ​គុណភាព ក្រសួង​អប់រំ ​នឹង​កំណត់​ឲ្យ​បេក្ខជន​ប្រឡង​តែ​១០ ទៅ​១៥​នាក់ ក្នុង​មួយ​បន្ទប់​។គ្រឹះស្ថានសិក្សា​ឯកជន ក៏ត្រូវ​រៀបចំ​បន្ទប់​ប្រឡង​ដាច់ដោយឡែក​រវាង​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ ជាមួយគ្នា​ដែរ សាលា​ក៏ត្រូវ​ចាត់ចែង​ឲ្យ​មាន​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ​សម្រាប់​តាមដាន និង​ត្រួតពិនិត្យ​នូវ​ដំណើរការ​ប្រឡង​។

​គួរបញ្ជាក់ថា នៅពេល​បញ្ចប់​ដំណើរ​ការប្រឡង​រួច គ្រឹះស្ថានសិក្សា​ឯកជន​ត្រូវ​រៀបចំ​វិញ្ញាសា​ដាក់​ក្នុង​ស្រោម​បិទ​សោ​សម្ងាត់ ដើម្បី​បញ្ជូនមក​ឲ្យ​ក្រសួង​ត្រួតពិនិត្យ​។ ក្រោយពី​ក្រសួង​ពិនិត្យ​រួចរាល់​ហើយ ក្រសួង​អប់រំ​ក៏​អនុញ្ញាត​ឲ្យ​គ្រឹះស្ថានសិក្សា​ឯកជន​រៀបចំ​ឲ្យ​មាន​ប្រធានអនុប្រធាន​មណ្ឌល​កំណែ គណៈកម្មការ​កណ្តាល គណៈកម្មការ​បែងចែក​សន្លឹក​កិច្ចការ គណៈកម្មការ​ស្រង់ បូក​ពិន្ទុ ផ្ទៀងផ្ទាត់​ពិន្ទុ និង​គូស​ជាប់និង​ធ្លាក់​។ ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​រាល់​ដំណើរ​ការប្រឡង​បាក់​ឌុប​។   

​ដោយឡែកលោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ទាក់ទង​នឹង​កាលបរិច្ឆេទ​សម្រាប់ធ្វើ​កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប និង​កាលបរិច្ឆេទ​ប្រកាស​លទ្ធផល​ប្រឡង​បាក់​ឌុប លោកមិនទាន​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។  ម្យ៉ាងវិញទៀត លោក​ក៏​មិនទាន់​អាច​បញ្ជាក់​ពី​ចំនួន​សាលា​ឯកជន​ ដែល​បាន​ផ្តល់ព័ត៌មាន​ទៅ​ឲ្យ​ក្រសួង និង​មានឈ្មោះ​បេក្ខជន​ប្រឡង​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​។ តែ​យ៉ាងណា​លោក​នឹង​បញ្ជាក់នៅពេលណា​មាន​សេចក្តីជូនដំណឹង​។   

​ក្រសួង​អប់រំ ​បាន​អះអាងថា ក្នុងករណី​គ្រឹះស្ថានសិក្សា​ឯកជន​ណា​ដែល​មិនមាន​លទ្ធភាព​រៀបចំ​កា​រ​ប្រឡង​បាក់​ឌុប​ទេ ក្រសួង​នឹង​អនុគ្រោះ​ឲ្យ​ប្រឡង​ជាមួយ​គ្រឹះស្ថានសិក្សា​រដ្ឋ​នៅតាម​ក្រោយ​ផងដែរ​។ ដោយក្រសួង មិនទាន់​កំណត់​ទេ​ថា សិ​ស្សសាលា​រដ្ឋ នឹងត្រូវ​ប្រឡង​បាក់​នៅពេលណា​៕ ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print