បរទេស៖ អ្នកស្រឡាញ់ឆ្មាពិតជាមិនខុសនោះឡើយ ព្រោះវាជាសត្វដែលមានភាពស្មោះត្រង់ចំពោះម្ចាស់ ហើយវាក៏មានក្តីស្រឡាញ់ និងយកចិត្តទុកដាក់លើអាយុជីវិតកូនរបស់វាផងដែរ។ កាលពីពេលថ្មីៗកន្លងមកនេះ អ្នកជំងឺម្នាក់នៅមន្ទីរពេទ្យមួយក្នុងក្រុងអុីស្តង់ប៊ុល ប្រទេសតួកគី បានថតពីទិដ្ឋភាពឆ្មាញីមួយក្បាលចូលក្នុងអគារត្រួតពិនិត្យអ្នកជំងឺ។
រូបភាពដែលថតបានដោយស្ត្រីអ្នកជំងឺឈ្មោះ Merve Ozcan តាមរយៈទូរស័ព្ទដៃ ត្រូវបានចែកចាយពេញបណ្តាញសង្គម Twitter និង Facebook ដោយទទួលបានវិជ្ជមានជាច្រើនទាក់ទងនឹងទង្វើដ៏គួរឲ្យស្រឡាញ់របស់ឆ្មាញីមួយក្បាលនោះ។ ចូលក្នុងបរិវេណមន្ទីរពេទ្យ ឆ្មាមេបានដាក់កូននៅមុខបន្ទប់សង្គ្រោះបន្ទាន់។ ក្រោយមក បុគ្គលិកមន្ទីរពេទ្យបានយកកូនឆ្មានោះទៅពិនិត្យ។
តាមការផ្សាយរបស់សារព័ត៌មាន CNEWSបានឱ្យដឹងថា បុគ្គលិកមន្ទីរពេទ្យមើលឃើញថាកូនឆ្មាពិតជាមានជំងឺ ប៉ុន្តែមិនបានបញ្ជាក់ពីស្ថានភាពនៃជំងឺនោះឲ្យបានច្បាស់នោះឡើយ។ តែទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យបានរៀបចំនំចំណី និងទឹកដោះគោយក ឲ្យឆ្មាទាំងពីរស៊ីនិងផឹក។ ការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យ ក៏ទទួលបាននូវការគោរពតាមរយៈការបញ្ចេញយោបល់ផ្សេងៗនៅលើបណ្តាញសង្គមផងដែរ។
ក្រោយឲ្យសត្វឆ្មាស៊ី និងផឹកឆ្អែតហើយ ក្រុមគ្រូពេទ្យបានបញ្ជូនឆ្មាទាំងនោះទៅព្យាបាលនៅមន្ទីរពេទ្យសត្វបន្តទៀត។ ដោយមិនបានបញ្ជាក់ពីប្រភពរបស់ឆ្មាទាំងនោះ សារព័ត៌មាន Metro បានអះអាងថា មេឆ្មាមិនចាកចេញទៅណាឆ្ងាយពីកូនខ្លួននោះឡើយ ខណៈគ្រូពេទ្យកំពុងពិនិត្យ។ បច្ចុប្បន្ន ទាំងមេ និងកូន ឆ្មាសុទ្ធតែមានស្ថានភាពធម្មតា៕
ដោយ៖ ស សម