ភ្នំពេញ៖យុវជនពីរនាក់បើកម៉ូតូក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនឹងរថយន្តបណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨នឹង៤០ នាទីយប់ថ្ងៃទី ១៧ ខែកក្កដាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីនៅខាងមុខព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះប៊ុន សម្បត្តិភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិសុក្រំឃុំអូរសារាយស្រុកត្រាំកក់ខេត្តតាកែវ។
ចំណែកនាក់រងរបួសមានឈ្មោះ ឈឹម រដ្ឋា អាយុប្រមាណជាង២០ឆ្នាំមានស្រុកកំណើតជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2BC 4659បើបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចហើយបត់ឆ្វេងបម្រុងចូលទៅក្នុងព្រលានយន្តហោះលុះមកដល់ត្រង់ចំនុណកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៍សពាក់ស្លាកលេខ តាកែវ 1O 6376បើកបរដោយយុវជនពីរនាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកនឹងរថយន្តពេញទំហឹងបណ្ដាលអោយយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រម៉ោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញដើម្បីចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងទៅលើរថយន្តនិងម៉ូតូយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកំណត់ហេតុរួចសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ដោយ៖និនសុភ័ស្ដ