ក្រសួងការបរទេសកូរ៉េខាងត្បូង បានសម្រេចបន្តហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់៦ប្រទេសដែលមានសន្តិសុខមិនអំណោយផល ប្រព័ន្ធគ្រប់គ្រងទន់ខ្យោយ អាចប្រឈមហានិភ័យនៃការវាយប្រហារភេរវកម្មខ្ពស់។
នៅថ្ងៃទី១៧ ខែកក្កដា ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្រេចបន្តហាមប្រាម៦ខែទៀតដល់ពលរដ្ឋរបស់ខ្លួនក្នុងការធ្វើដំណើរទស្សនកិច្ច កម្សាន្ត ទៅកាន់៦ប្រទេសមានដូចជា Iraq, Syria, Somalia, Afghanistan, Yemen, Libya និងតំបន់មួយចំនួនរបស់ប្រទេសហ្វីុលីពីនផងដែរ។ ច្បាប់ហាមប្រាមនោះត្រូវពន្យារចាប់ពីថ្ងៃទី១ខែសីហា ដល់ថ្ងៃទី៣១ ខែមករាឆ្នាំ២០២១។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបកស្រាយថា ស្ថានភាពសន្តិសុខ នយោបាយ នៅក្នុងប្រទេសទាំងនោះ នៅមានកម្រិតនៅឡើយ ហើយហានិភ័យនៃការវាយប្រហារភេរវកម្ម ចាប់ជំរិត នៅមានខ្ពស់ដដែល។
សកម្មភាពខាងលើរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺក្នុងគោលបំណងរក្សាសន្តិសុខសុវត្ថិភាពដល់ពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ ។ ក្នុងករណីដែលបានបំពានច្បាប់ហាមប្រាម អាចនឹងត្រូវដាក់ទោសជាប់គុក១ឆ្នាំ ឬផាកពិន័យជាទឹកប្រាក់១០លានវន់ (៨៣០០ដុល្លារអាមេរិក)៕
ដោយ៖ ធី រីណា