ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរាប់សិបគ្រួសារកំពុងជួបបញ្ហាជំងឺផ្លូវដង្ហើម ជាពិសេសកុមារតូចៗ ដែលបង្កឡើងពីការធ្វើចរាចរណ៍របស់រថយន្តធំៗ ដឹកអំពៅឱ្យក្រុមហ៊ុនឯកជនមួយ ដោយក្នុងមួយថ្ងៃៗដឹករាប់សិបជើង និងមិនបានជួយស្រោចទឹកទៅលើងថ្នល់ ដើម្បីកុំឱ្យដីហុយនោះ និងដឹកយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗរាប់សិបគ្រឿង ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រស់ឃុំត្រស់ស្រុករមាសហែក បានឱ្យដឹងថា ពួកគាត់មានការពិបាកយ៉ាងខ្លាំង ដោយសារតែផ្លូវនៅក្នុងភូមិជាថ្នល់ក្រាលគ្រោះក្រហម នៅពេលរថយន្តដឹកអំពៅឆ្លងកាត់ម្តងៗ ពួកគាត់មិនអាចធ្វើអ្វីបានឡើយ បើសិនកំពុងហូបបាយ ត្រូវរត់ទៅគ្របឆ្នាំបាយឆ្នាំងសម្លរ ហើយបើសិនពេលកំពុងធ្វើដំណើរត្រូវបង្អង់ឈប់ សិន ព្រោះត្រូវយកដៃមកខ្ទប់ច្រមុះ និងមាត់ មិនដូចនោះទេ ដីហុយចូលដោយម្នាក់ៗបានត្រឹមតែគ្រវីក្បាលហួសចិត្តប៉ុណ្ណោះ
ចំណែកផ្ទះសំបែង ពាងទឹកត្រូវបិទ គំរបជានិច្ច មិនដូចនេះទេ ដីនិងចូលជាក់ជា មិនខាន ។ ហើយសម្រាប់ក្មេងៗវិញ មិនដែលស្រួលខ្លួនបានមួយថ្ងៃណាឡើយ គឺតែងឈឺនេះឈឺនោះជាប្រចាំ ជាពិសេស គឺជំងឺខាងផ្លូវដង្ហើម ។
ប្រជាពលរដ្ឋក្នុងភូមិត្រស់នេះសុំសំនូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តា ប្រាប់ដល់ម្ចាស់ក្រុមហ៊ុនអំពៅ ធ្វើយ៉ាងណាអោយយករថយន្ត ដឹកទឹកស្រោចផ្លូវផង យ៉ាងហោចណាស់ក្នុងមួយថ្ងៃ៣ដង ដើម្បីកុំឱ្យដីហុយខ្លាំងពេល ដែលធ្វើឱ្យពួកគាត់ពិបាករស់នៅជាពិសេសសូមឱ្យរថយន្តដែលធ្វើចរាចរណ៍នៅក្នុងភូមិទាំងអស់មេត្តាបន្ថយល្បឿនខ្លះផង ព្រោះវាអាច ធ្វើឱ្យមានដីហុយខ្លាំង និងបង្ករឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ជាយថហេតុណាមួយផ្លូវក្នុងភូមិវាតូច ពិបាកជៀសគ្នាណាស់ ៕
ដោយ៖ យឹម សុថាន