ប្រទេសថៃ៖ បន្ទាប់ពីរដ្ឋាភិបាលថៃ បានបន្ធូរបន្ថយវិធានការបិទទ្វារនៅដំណាក់កាលទី៥ ដែលអនុញ្ញាតឲ្យមានការធ្វើដំណើរក្នុងស្រុកនោះគេសង្កេតឃើញថាអាកាសយានដ្ឋានសុវណ្ណភូមិ កំពុងបង្ហាញនូវការកើនឡើងនៃអ្នកដំណើរជាថ្មីម្ដងទៀត ។ ក្រោយស្ងាត់ជ្រងំអស់រយៈពេលជាច្រើនខែផងដែរ ដើម្បីទប់ស្កាត់កូវីដ១៩ ។នេះបើតាមការចេញផ្សាយពីសាព័ត៌មានក្នុងស្រុកបាងកកប៉ុស្តិ៍ ។
លោក Suthirawat Suwanawat មេបញ្ជាការកងទ័ពអាកាស និងជាអគ្គនាយកអាកាសយានដ្ឋានសុវណ្ណភូមិ បានមានប្រសាសន៍ប្រាប់កាសែតបាងកកប៉ុស្តិ៍ ឲ្យដឹងថា ចាប់ពីថ្ងៃទី១–១៥ នៃខែកក្កដានេះ អាកាសយានដ្ឋានបានឃើញប្រតិបត្តិការហោះហើរចំនួន ៣,២០៥ ជើង(ចូល ១,៦០៤ និងចេញ ១.,៦០១ ជើង) ឬ ស្មើនឹង ២១៤ ជើងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះចំនួនអ្នកដំណើរសរុបមានចំនួន ១៧៤,៩១២ នាក់(៨៥,៧៥៨ នាក់ចូល និង ៨៩,១៥៤ នាក់ចេញ) ឬជាមធ្យម ១១,៦៦១ នាក់ក្នុងមួយថ្ងៃដែលជាចំនួនកើនឡើងខ្ពស់ពីខែមុន នៅពេលដំណាក់កាលទី៥ នៃការបន្ធូរបន្ថយការចាក់សោមិនទាន់បានចាប់ផ្តើមនៅឡើយ។
លោកមេបញ្ជាការកងទ័ពអាកាស បន្តថា ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ និងបុគ្គលិកក្នុងអំឡុងពេលស្ថានភាព Covid-19 អាកាសយានដ្ឋាននៃប្រទេសថៃបានប្រើប្រាស់វិធានការដូចដែលបានស្នើដោយក្រសួងសុខាភិបាលដូចជា ៖ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅតាមស្ថានីយទាំងអស់ ដោយរក្សាគម្លាតសង្គម នៅក្នុងប្រតិបត្តិការ និងតំបន់អ្នកដំណើរ។ អនុវត្តការសម្អាតឲ្យបានស៊ីជម្រៅនៅតាមទីសាធារណៈ និងកន្លែងនានាជារៀងរាល់ថ្ងៃ និងអនុវត្តការពាក់ម៉ាសដោយបុគ្គលិក និងអ្នកដំណើរ។
មិនតែប៉ុណ្ណោះមេបញ្ជាការកងទ័ពអាកាស លោក Suthirawat ក៏បានស្នើឲ្យ អ្នកដំណើរទាំងអស់គួរតែទាញយកពាក្យសុំអាកាសយានដ្ឋានAOT ហើយបំពេញព័ត៌មានជាមុន មុនពេលចូលអាកាសយានដ្ឋាន ដើម្បីចៀសវាងការបង្កើតការរាំងស្ទះនៅស្ថានីយផងដែរ ៕ដោយ៖ស តារា