ក្រុងប៉ោយប៉ែត៖ពលរដ្ឋប្រមាណជាង៥០នាក់នៅភូមិចំនួនពីរគឺភូមិក្បាលកោះនិងភូមិប៉ោយប៉ែតធ្លាក់ខ្លួនឈឺនិងឡើងកម្តៅខុសធម្មតាបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី២០ខែកក្កដាឆ្នាំ២០២០នេះ។ អ្នកភូមិទាំង២ខាងលើ គឺភូមិក្បាលកោះ និងភូមិប៉ោយប៉ែត សង្កាត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
បញ្ហាខាងលើនេះលោកកែវ មឿតអនុភូមិក្បាលកោះប្រាប់តាមទូរសព្ទ័ថា ៖ចំពោះជម្ងឺរាតត្បាតមកលើពលរដ្ឋក្នុងភូមិរបស់គាត់នោះលោកទទួលបានព័ត៏មានចាប់ពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២០មក ចំពោះជម្ងឺបានកើតទៅលើពលរដ្ឋគាត់គ្រប់វ័យចាប់ពីក្មេងតូចរហូតដល់មនុស្សចាស់សរុប៣៣នាក់ ដោយម្នាក់ៗមានអាការៈទន់ដៃទន់ជើង បន្ទាប់មកក្តៅសន្ធំ ហើយឡើងកន្ទួលលើដងខ្លួន ឬសាច់មានពណ៏ក្រហម ហើយពេលទៅគ្លីនិកពិនិត្យកំដៅខ្លះឡើងដល់៣៨,៣៩ឬ៤០អង្សាសេ។ រហូតមកដល់ថ្ងៃទី២០ខែឆ្នាំដដែលនេះអាជ្ញាខេត្តក្រុងមន្ត្រីពេទ្យបានចុះពិនិត្យដល់កន្លែងកើតហេតុនិងយករថយន្តដឹកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកចំនួន១០នាក់នៅសេសសល់ពលរដ្ឋក្នុងភូមិត្រូវបានអាជ្ញាធរនិងគ្រូរពេទ្យកំពុងតាមដានសភាពជម្ងឺ។ដោយឡែកលោកស្រីស៊ិន ណាំយ៉ុងមេភូមិប៉ោយប៉ែតបញ្ជាក់ថាពលរដ្ឋក្នុងភូមិរបស់គាត់មានអាការៈស្រដៀងនិងពលរដ្ឋភូមិក្បាលកោះដែរ មានពលរដ្ឋចំនួន១៩នាក់ហើយដែលកំពុងតែកើតជម្ងឺខាងលើតែក្រុមការងារក្រុងប៉ោយប៉ែតនិងគ្រូរពេទ្យកំពុងតាមដាន។លោកវេជ្ជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា បញ្ហាដែលពលរដ្ឋភ្ញាក់ផ្អើលនេះមន្ទីរបានទទួលដំណឹងនៅល្ងាចថ្ងៃទី១៩ខែកក្កដាហើយបានចាត់ចែងមន្ត្រីជំនាញនៅជិតបំផុតអោយចុះបន្ទាន់ដល់ភូមិកំពុងកើតហេតុនោះ។ជាស្តែងមន្ត្រីជំនាញប្រមូលបានតែ៧នាក់ប៉ុណ្ណោះដែលមានអាការៈក្តៅលើសពី៣៨អង្សារ មានកន្ទួលរមាស់ ស្នាមក្រហម ជាដើម។ ហើយនៅរសៀលថ្ងៃនេះលោកបានអមដំណើរអភិបាលខេត្តចុះផ្ទាល់ទៅពិនិត្យមើល ដោយក្នុងនោះលោកសន្និដ្ឋានបឋមថាពួកគាត់អាចកើតមានជម្ងឺនេះគឺបណ្តាលមកពីមជ្ឈដ្ឋានរស់នៅ កន្លែងរស់នៅមិនមានបរិស្ថានល្អ ទឹកស្អុយព័ទ្ធជុំវិញ គេងមិនបានចងមុងត្រឹមត្រូវ ការហូបចុកមិនមានអនាម័យ។តែទោះជាយ៉ាងណា ក្រុមការងារលោកនៅតែបន្តរុករកអោយឃើញដោយបូមឈាមពួកគាត់មកពិសោធន៍វិភាគហើយនឹងឆ្លើយតបវិញថា ពួកគាត់មានជម្ងឺអ្វីកើតឡើង។ដោយ៖វណ្ណា