អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះថា បន្ទាប់ពីក្រុមមេដឹកនាំអឺរ៉ុប បានជួបប្រជុំគ្នាអស់ពេល៤ថ្ងៃមកនេះ ក៏បានឈានទៅដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ជុំវិញនៃកញ្ចប់ថវិការស្នូលសម្រាប់រយៈពេល៧ឆ្នាំ និងកញ្ចប់ថវិកាដ៏ធំសម្បើមមួយ ដើម្បីស្ដារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញពីវិបត្តិ COVID-19។
ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បាននិយាយថា ក្រុមមេដឹកនាំអឺរ៉ុបទាំង២៧ប្រទេស បានប្រកាសពីការសម្រេចបាននូវកិច្ចព្រមព្រៀងលើកញ្ចប់ថវិកាមិនធ្លាប់មានពីមុនមក រហូតដល់ទៅ ២.១ទ្រីលានដុល្លារ។ នៅក្នុងចំណោមកញ្ចប់ថវិកាទាំងនេះទៀតសោត មាន១.៣ទ្រីលានដុល្លារជាកញ្ចប់ថវិកាស្នូល សម្រាប់រយៈពេល៧ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ និងកញ្ចប់ថវិកាជំនួយសេដ្ឋកិច្ច ៨៥៨ពាន់លានដុល្លារក្រោមរូបភាពជាជំនួយ និងកម្ចី ដើម្បីជំរុញកំណើន និងស្ដារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញពីវិបត្តិ COVID-19។
លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បានចាត់ទុកថាកិច្ចព្រមព្រៀងនេះគឺបង្ហាញពីជំនឿចិត្តអឺរ៉ុប នៅក្នុងផលប្រយោជន៍រួមខណៈប្រធាន គណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen រួមទាំងប្រធានាធិបតីបារាំង លោក ម៉ាក្រុង ហៅការសម្រេចបាននូវកិច្ចព្រមព្រៀងនេះថាជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់អឺរ៉ុប៕ដោយ៖ស តារា