ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថប្រឆាំងបទល្មើស គ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួន ជនសង្ស័យ៦នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ បន្ទាប់ពីស្រាវជ្រាវដឹងថាពួកគេកំពុងចែកគ្នាចែកចាយថ្នាំញៀនទៅបណ្តាខណ្ឌ នានា ក្នុរាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលើប្រព្រឹត្តទៅនៅវេលាម៉ោងប្រមាណ ៩ និង៣០នាទី ព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅចំណុចសំណង់មិនរៀបរយខាងក្រោយអតីតរោងចក្រតាក់ហ្វាត ភូមិព្រែកតាគង់ តាមផ្លូវលេខ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោក ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធ រាជធានីភ្នំពេញ ដែលដឹកនាំកម្លាំងចុះបង្ក្រាបនោះបានឲ្យដឹងថាប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានឃាត់ខ្លួន ជនសង្ស័យ ៦នាក់ មាន ស្រី២នាក់ និងថ្នាំញៀន ចំនួន ៨២៧កញ្ចប់ ព្រមទាំងដកហូត ជញ្ជីងថ្លឹង២ ម៉ូតូ ៥គ្រឿង និងឧបករណ៍សម្រាប់សេពគ្រឿងជាច្រឿនទៀតផង ។
លោកប៉ាន់ សុភាពបានឲ្យដឹងទៀតថា ក្រោយចាប់ខ្លួន ជនសង្ស័យទាំង ៦នាក់ និងវត្ថុតាងជាច្រើនរួចមក ពួកគេ ត្រូវបាននាំខ្លួនយកទៅសាកសួរ នៅការិយាល័យជំនាញ អាវុធហត្ថរាជធានី ដើម្បីស្រាវជ្រាវរកបក្ខពួកនៅសេសសល់ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជថានីចាត់ការតាមច្បាប់ ៕
ដោយ៖ ប្រាថ្នា