ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងជ្រុលទៅបុករថយន្តជនជាតិចិនកំពុងបត់ឆ្លងផ្លូវចូលក្នុង អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ខែកក្ដដាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខនឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ុនត្រាពណ៌សពាក់ស្លាកលេខភ្នំពេញ2BH-5296បើកបរដោយបុរសជនជាតិចិនលក្ខណៈគ្រួសារធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះដល់ចំណុចកើតហេតុក៏បត់ចូលក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះបត់មិនទាន់ផុតផងស្រាបតែមានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AX-9223បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្តចំពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងទៅរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ផេង ភាព