ខេត្តកំពង់ស្ពឺ៖ ទសម្រាប់បង្ហូកម្ទេចថ្មរបស់ក្រុមហ៊ុនលោកឧកញ៉ាអ៊ុតធី បានបាក់សង្កត់កម្មករម្នាក់បណ្តាលអោយស្លាប់ភ្លាម និងបានបញ្ជូនសពចេញទៅអោយក្រុមគ្រួសារហើយ ទើបរាយការណ៍អោយសមត្ថកិច្ចដឹងជាក្រោយ ។
ករណីនេះកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទឹ២៨ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្រុមហ៊ុន ផលិតថ្ម អ៊ុត ធឹ ស្ថិតនៅភូមិត្រពាំងស្នួល ឃុំ ពេជ្រមុនីស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកងពីសីស្រង់សំដីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ខ្សែពានសំរាប់ទាញកង់បង្វិលទបង្ហូថ្មបានគាំង(ទួង)មិនអាចបង្ហូថ្មបាន ខណៈជនរងគ្រោះកំពុងបំពេញការងារជាធម្មតា ពេលឃើញដូច្នោះជនរងគ្រោះបានចូលទៅទាញខ្សែពាន ពេលទាញនោះដែរ ជនរងគ្រោះមិនបានប្រយ័ត្ន ក៏បាក់ជើងទ្រទសំរាប់បង្ហូបាក់សង្កលត់កិនពីលើបណ្តាលអោយស្លាប់ភ្លាមមួយរំពេច ។
ក្រោយកើតហេតុ ខាងក្រុមហ៊ុនបានបញ្ជូនសពទៅអោយក្រុមគ្រួសារជនរងគ្រោះភ្លាមៗ តែម្តង ទើបរាយការណ៍អោយសមត្ថកិច្ចចុះទៅពិនិត្យកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ អ៊ុំ វិច្ឆិការ ភេទប្រុសអាយុ 26 ឆ្នាំ មុខរបរកម្មករ មានទឹលំនៅភូមិព្រៃរងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានត្រឹមតេធ្វើកំណត់ហេតុ ស្រង់ឈ្មោះជនរងគ្រោះតែ ប៉ុណ្ណោះ ដោយមិនបានធ្វើកោសល្យវិច័យអ្វីទាំងអស់។
ការដ្ឋានកិនថ្មដែលបាក់ជើងទ្រហើយសង្កត់កម្មករម្នាក់បណ្តាលអោយស្លាប់នេះត្រូវបានដឹងថា ជារបស់លោកឧកញ៉ាអ៊ុតធី ។ សមត្ថកិច្ចបានរអ៊ូរទាំថា ទម្រាំតែបានចូលទៅពិនិត្យកន្លែងកើតហេតុ គឺទាល់តែមានបញ្ជាពីថ្នាក់លើរបស់គេ ទើបគេអោយចូល ខណៈដែលមានមនុស្សស្លាប់នៅក្នុងនោះទាំងមូល ។
សមត្ថកិច្ចបានសំដែងនូវការមិនសប្បាយចិត្តចំពោះសកម្មភាពរបស់ក្រុមសន្តិសុខក្រុមហ៊ុន ក៏ដូចជាថៅកែសហគ្រាសកិនថ្មដែលមិនមានការសហការជាមួយសមត្ថកិច្ចមូលដ្ឋានអាងអំណាចរបស់ខ្លួន បែបនេះ ។ មានការលើកឡើងទៀតថា រវល់តែអាងអំណាច មិនមានការសហការជាមួយសមត្ថកិច្ចបែបនេះ តើថ្ងៃក្រោយសមត្ថកិច្ចធ្វើការយ៉ាងម៉េចកើត?
ប្រជាពលរដ្ឋក៏ដូចជាក្រុមកម្មករបាន សំណូមពរដល់ជំនាញរ៉ែ និងថាមពល ចុះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសគ្រឿងចក្រ កិនថ្មនៅក្នុងក្រុមហ៊ុនកិនថ្ម របស់លោកឧកញ៉ាអ៊ុតធីនេះម្តងហើយ កុំឲ្យមានកើតហេតុអាក្រក់បែបនេះនៅថ្ងៃក្រោយទៀត ៕
ដោយ៖ សេនាស័ក្តិ