ខេត្ដកំពង់ធំ៖ ឈ្មួញបានកាងទីតាំង នេសាទដោយសំអាងថាខ្លួនបានបង់លុយឱ្យសមត្ថកិច្ចជលផលទើបមិនឱ្យ ប្រជាពលរដ្ឋណាផ្សេងអាចចូលទៅ នេសាទត្រីនៅចំណុចស្ទឹងកំបុត ឃុំទ្រាល ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ជាហេតុធ្វើ ឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបារាយណ៍ ដែលបានរស់អាស្រ័យផលលើការនេសាទត្រីដើម្បីចិញ្ចឹមឆ្នាំបាយ ។
ប្រភពព័ត៌មានពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ខណៈពេលដែលសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ និងអ្នកសារព័ត៌មាន ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ដកំពង់ធំឱ្យកងកម្លាំង ចុះទៅបង្ក្រាបនិងកាប់កំទេសចោលនូវ ឧបករណ៍នេសាទខុសច្បាប់តែត្រូវបាន លោក ជិន ស៊ីថា នាយសង្កាត់រដ្ឋបាល ជលផលស្រុកបារាយណ៍ ខឹងច្រឡោត ដាក់សមត្ថកិច្ចនគរបាលថាហេតុអ្វីបានជានាំអ្នកសារព័ត៌មានមកហើយអ្នកណាជាអ្នករាយការណ៍ទៅព្រះរាជអាជ្ញា ។ ក្នុង នោះលោក ជិន ស៊ីថា បាននិយាយប្រាប់ មេប៉ុស្ដិ៍ថា សម្រាប់អ្នកសារព័ត៌មាន វាថតអីថតទៅផ្សាយអីផ្សាយទៅកុំទៅ ខ្លាចវា បើតាមការបញ្ជាក់ពីនាយប៉ុស្ដិ៍ រដ្ឋបាលឃុំទ្រាល ។
លោកអនុសេនីយ៍ឯក គ្រី សារិទ្ធ នាយប៉ុស្ដិ៍រដ្ឋបាលឃុំទ្រាលបានចុះទៅ ទីតាំងបទល្មើស ព្រមទាំងបានណែនាំ ចែឡាប ដែលជាអ្នកកាងទីតាំងនេសាទ ថា ចែឡាបឯងមិនអាចកាងទីតាំង នេសាទនេះទេ ព្រោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសម្រេច លុបឡូត៍នេសាទហើយបានទុកអាទិភាព ឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋាន ចូលនេសាទជាលក្ខណៈគ្រួសារ ។ ចំណែក ចែលាបឯងរស់នៅស្រុកកោះធំ ស្រុក ជលគីរី ខេត្ដកំពង់ឆ្នាំ មិនមែនជាអ្នក រស់នៅអចិន្ដ្រៃយ៍ក្នុងស្រុកបារាយណ៍ទេ ដូច្នេះកុំឱ្យមានបញ្ហាត្រូវចែកគ្នានេសាទឱ្យបានគ្រប់គ្នាចៀសវាងមានបញ្ហាដល់ ប្រជាពលរដ្ឋរបស់ខ្ញុំ ។
លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋ បាលជលផលកំពង់ធំពុំអាចសុំការបំភ្លឺជុំវិញករណីមន្ដ្រីរបស់ខ្លួនបើកដៃឱ្យឈ្មួញ ឈ្មោះ ចែឡាប និងតាសោមលុកលុយ កាងទីតាំងនេសាទជាទ្រព្យរបស់ខ្លួន និង ហាមមិនឱ្យមានប្រជាពលរដ្ឋចូលទៅ អ្នកនេសាទបានទេកាលពីថ្ងៃម្សិលមិញ ។ លោកឆ្លើយថាពេលនេះពុំអាចផ្ដល់ព័ត៌មានអ្វីបានទេ ព្រោះជាប់សន្និបាតនៅ សាលាខេត្ដកំពង់ធំ ។
ប្រជាពលរដ្ឋជាច្រើនបានសំណូមពរឱ្យសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋមន្ដ្រីក្រសួងកសិម្ម រុក្ខប្រមាញ និងនេសាទជួយសម្រួល ឱ្យប្រជាពលរដ្ឋបានចូលទៅនេសាទនៅចំណុចស្ទឹងកំបុតផង ដោយសារតែពេល នេះរដ្ឋបាលជលផលស្រុកបារាយណ៍បានលក់ឱ្យឈ្មួញបាត់ហើយ ហើយហាមមិន ឱ្យប្រជាពលរដ្ឋផ្សេងចូលទៅនេសាទ ៕
ដោយ៖ ប៊ុន រិទ្ធី