ភ្នំពេញ៖ បន្ទាប់ពីបានចុះដោះស្រាយ បញ្ហាលំនៅឋានជូនប្រជាពលរដ្ឋដែលរស់ នៅតាមតំបន់ប្រឡាយបាក់ទូករួចហើយនោះពេលនេះសាលារាជធានីភ្នំពេញ បាននិងកំពុងជីកស្ដារភក់ ដើម្បីស្ថាបនា ជើងជញ្ជាំងប្រឡាយជាបេតុងអាមេ ផ្លូវបេតុងអមសងខាងប្រឡាយចាប់ពី ផ្លូវលេខ៧០ដល់ផ្លូវបុរីទួលសង្កែ ក្នុង ខណ្ឌឫស្សីកែវ ។
មន្ដ្រីសាលារាជធានីភ្នំពេញបានឱ្យ ដឹងថា ក្នុងផែនការរៀបចំអភិវឌ្ឍ ប្រឡាយបាក់ទូកជាយុទ្ធសាស្ដ្រយូរអង្វែង សាលារាជធានីភ្នំពេញបាននិងកំពុងជីកស្ដារភក់រួចនឹងស្ថាបនាជើងជញ្ជាំង ប្រឡាយជាបេតុងអាមេផ្លូវបេតុងអមសងខាងប្រឡាយចាប់ពីផ្លូវលេខ៧០ ដល់ ផ្លូវបុរីទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ ។
គួររំលឹកផងដែរថា កាលពីប៉ុន្មាន ថ្ងៃមុននេះ លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញបានដឹកនាំមន្ដ្រីជំនាញ ចុះពិនិត្យមើលស្ថានភាពប្រឡាយខាង លើ ហើយនៅពេលនោះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ឱ្យដឹងដែរថា សាលារាជធានីភ្នំពេញបានចាត់បញ្ជូន ក្រុមបច្ចេកទេសអមដោយគ្រឿងចក្រ ដើម្បីស្ដារប្រឡាយអូរបាក់ទូកនេះដែលមានប្រវែង៣.៧០០ម៉ែត្រចេញពីផ្លូវ៧០រហូតមកដល់ប្រឡាយអូរវែងដោយយើងបានរក្សាទុកទំហំប្រឡាយពី៣០ម៉ែត្រ ទៅ៦០ម៉ែត្រ ។ ប្រជាពលរដ្ឋមិនបាន គិតពីសារប្រយោជន៍នៃទំហំប្រឡាយ នោះទេគឺពួកគាត់បានតសំយាបដាក់ បង្គន់ ឬមានអ្នកខ្លះទៀត សង់ខ្ទមតូចៗ ដើម្បីជួលទៀតផងដែលធ្វើឱ្យប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ការរៀបចំការស្ដារ ប្រឡាយនេះ ។
លោកបានបន្ដថា ការស្ដារប្រឡាយ មិនមែនត្រឹមតែប្រឡាយបាក់ទូកនេះ ប៉ុណ្ណោះទេ តែនៅមានប្រឡាយស្ទឹង មានជ័យ បឹងសាឡាងប្រឡាយ បឹងត្របែក ក៏សាលារាជធានីបាននិងកំពុងស្ដារឱ្យ ទាន់នៅរដូវប្រាំងនេះដែរ ។ ដោយឡែក ការស្ដារប្រឡាយអូរបាក់ទូកប្រឡាយ អូរវែងនេះក្រុមបច្ចេកទេសនៃមន្ទីរ សាធារណការធ្វើការស្ដារបានប្រមាណ ៤០ភាគរយហើយ ។ នៅក្នុងនោះក៏មាន រងផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ យើងខ្លះ ប៉ុន្ដែបងប្អូននៅតាមដងប្រឡាយ នេះពួកគាត់យល់ ហើយពួកគាត់បាន សហការជាមួយនឹងអាជ្ញាធរយើងនៅក្នុងការបើកផ្លូវនេះដើម្បីបានស្ដារប្រឡាយ បានមួយចំហៀង ៕
ដោយ៖ វិបុល