ខេត្តបាត់ដំបង៖ អនុប្រធានការិយាល័យគយ និងរដ្ឋាករម្នាក់ប្រចាំច្រកតំបន់អូររំដួលស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលគេស្គាល់ឈ្មោះឆៃ យ៉ា បានរងការចោទប្រកាន់ថា យកគ្រឿងចក្រឈូសឆាយដីភ្នំព្រឹករបស់រដ្ឋខុសច្បាប់ ធ្វើជាកម្មសិទ្ធិ និងថែមទាំងបានធ្វើរបងថ្មចាក់គ្រឹះរឹងមាំព័ទ្ធយកដីភ្នំនោះទៀតផង ។
សកម្មភាពនៃការប្រើប្រាស់គ្រឿងចក្រឱ្យឈូសឆាយដីភ្នំព្រឹកពីសំណាក់អនុប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកតំបន់អូររំដួលរូបនោះ ត្រូវគេមើលឃើញថា បានធ្វើឡើងយ៉ាងរលូន គ្មានការចុះទប់ស្កាត់ និងហាមឃាត់ពីសំណាក់អាជ្ញាធរដែនដីនោះទេ ពោលគេដាក់ការសង្ស័យថា ទំនងជាមានការឃុបឃិតគ្នាឱ្យមានការឈូសឆាយដីភ្នំរបស់រដ្ឋដើម្បីយកទៅធ្វើកម្មសិទ្ធិខុសច្បាប់ ។ ការបណ្តែបណ្តោយឱ្យមានការឈូសឆាយដីភ្នំធ្វើជាកម្មសិទ្ធិខុសច្បាប់ ដោយមិនមានវិធានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវគេមើលឃើញថា គឺជាការលើកទឹកចិត្តឱ្យអ្នកប្រព្រឹត្តអំពើខុសច្បាប់រិតតែបានដៃឈូសឆាយដីភ្នំជាសម្បត្តិរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកាន់តែរងការវិនាសបាត់បង់ខ្លាំងឡើង ។
ជុំវិញនៃការចោទប្រកាន់ខាងលើ លោក ឆៃ យ៉ា មានតួនាទីជាអនុប្រធាន ការិយាល័យគយ និងរដ្ឋាករច្រកតំបន់អូររំដួលបានបំភ្លឺតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា ដីនោះគឺលោកទិញពីប្រជាពលរដ្ឋដែលរស់នៅទីនោះជាយូរឆ្នាំមក ហើយដីដែលមានប័ណ្ណកាន់កាប់ស្របច្បាប់ ចេញដោយអាជ្ញាធរមូលដ្ឋាន។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក ឆៃ យ៉ា ថាដីនោះមានចេញប័ណ្ណកាន់ កាប់ស្របច្បាប់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន លោក សួន កឿន អភិបាលស្រុកភ្នំព្រឹក បានបំភ្លឺ ឱ្យដឹថថា ដីភ្នំជាដីរបស់រដ្ឋ គ្មានអ្នកណាហ៊ានចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់ ឱ្យនោះ ទេ ។ លោកថា ការឈូសឆាយដីភ្នំនៅចំណុចភ្នំព្រឹកកន្លងមកលោកឱ្យគេឈូសឆាយយកដីម៉ត់ៗ ដើម្បីយកមកចាក់នៅសាលាស្រុកក្រោយពីក្រុមហ៊ុនចិនបានកិនថ្មធ្វើផ្លូវរួចហើយ។ករណីឈូសឆាយដីភ្នំព្រឹកនោះលោកមិនទាន់ចុះត្រួតពិនិត្យនោះទេហើយក៏មិនបានដឹងគេកាយក្នុងរូបភាពបែបណានោះដែរពីព្រោះលោកជាប់រវល់ប្រជុំ។
ចំណែក លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបានប្រាប់ឱ្យដឹងថា ដីភ្នំជាដីរបស់រដ្ឋដែលប្រជាជនទៅរស់នៅតំបន់ជើងភ្នំគ្រាន់ជាការរស់នៅជាលក្ខណៈកាន់កាប់បណ្តោះអាសន្នប៉ុណ្ណោះគ្មានអ្នកណាហ៊ានចេញច្បាប់កាន់កាប់ឱ្យនោះទេ បើថ្ងៃក្រោយ រដ្ឋត្រូវ ការដី ប្រើប្រាស់កិច្ចការងារផ្សេងៗត្រូវរុះរើគ្មានការតវ៉ា ក៏ប៉ុន្តែបើតាមធម្មតា គេមិនឱ្យ ប្រជាជន នៅរស់នៅកន្លែងដីភ្នំនោះទេ នៅពេលកាលណារដ្ឋត្រូវការ ប្រជាជនទាំងនោះ តែង តែទាមទាររកដោះស្រាយគោលនយោបាយផលប៉ះពាល់ធ្វើឱ្យរដ្ឋប្រឈមនិងការលំបាក។
សូមបញ្ជាក់ថាដីភ្នំព្រឹកនោះកន្លងមត្រូវក្រុមហ៊ុនចិនជីកកាយយកថ្មនិងដីសម្រាប់ធ្វើផ្លូវជាតិលេខ៥៩ និងផ្លូវជាតិលេខ៥៧ ក្រោយពីការដ្ឋានក្រុមហ៊ុនចិនធ្វើផ្លូវជាតិទាំង ពីរនោះ ចប់ហើយធ្វើឱ្យដីភ្នំព្រឹកទុកនៅទំនេរជាហេតុធ្វើឱ្យដីភ្នំព្រឹកចំណុចនោះងាយនិងឱ្យក្រុមខិលខូចចូលទៅឈូសឆាយដើម្បីយកដីនិងថ្មធ្វើអាជីវកម្មនិងធ្វើជាកម្មសិទ្ធ ៕
ដោយ៖ សំ វិច្ឆិកា