កីឡាករ២រូប និងបុគ្គលិក៣រូបឆ្លងកូវីដ-១៩នៅលីកកំពូលរ៉ូម៉ានី

ចែករំលែក៖

សមាជិក៥រូបទៀតនៃក្រុមបាល់ទាត់ CFR Cluj នៃលីកកំពូលរូម៉ានីត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីដើមសប្តាហ៍នេះបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់កីឡាករម្នាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

លោក Justin Stefan អគ្គលេខាធិការនៃសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់ប្រទេសរ៉ូម៉ានីបានមានប្រសាសន៍ថា “ឥឡូវនេះយើងមាន៥ករណីទៀតលើក្រុម CFR Cluj ប្រហែលជាកីឡាករ២នាក់ និងសមាជិកបុគ្គលិកបច្ចេកទេស៣នាក់ដែលពួកគេត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីតាមដានសុខភាព” ។

លោក Stefan បានបន្តថា “ការធ្វើតេស្តជាបន្តបន្ទាប់ទៀតគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ហើយអាស្រ័យលើលទ្ធផលនៃការធ្វើតេស្តនេះយើងនឹងធ្វើការសំរេចចិត្តថាតើត្រូវពន្យារពេលការប្រកួតរវាងក្រុម CFR Cluj និងក្រុម FC Botosani ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែកក្កដា ឬក៏អត់។

ចាប់តាំងពីការបន្តប្រកួតនៃលីកកំពូលរបស់រ៉ូម៉ានីនៅពាក់កណ្តាលខែមិថុនាមក ករណីនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានបញ្ជាក់សម្រាប់សមាជិកនៃក្រុម FC Dinamo, FC Botosani និងក្រុម CFR Cluj ដែលនាំឱ្យមានការផ្អាកការប្រកួតជាច្រើន។ ទន្ទឹមនឹងនេះនៅក្របខ័ណ្ឌលីកទី២ ករណីវិជ្ជមានក៏ត្រូវបានរកឃើញនៅក្លឹបចំនួន៣ផងដែរ។

សូមបញ្ជាក់ថា ការរាតត្បាតជំងឺកូវីដ-១៩ បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅរ៉ូម៉ានីចាប់តាំងពីពាក់កណ្តាលខែមិថុនាដោយមានករណីជាមធ្យមប្រមាណ ជាង២០០ករណីក្នុងមួយថ្ងៃកាលពីពាក់កណ្តាលខែមិថុនា។ នៅទូទាំងប្រទេសរ៉ូម៉ានីមានករណីថ្មីចំនួន៦៨១ករណី និងមានអ្នកស្លាប់ចំនួន១២នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនៅក្នុងប្រទេស។ គិតត្រឹមថ្ងៃពុធនេះប្រទេសរ៉ូម៉ានីមានករណីឆ្លងសរុបចំនួន៣៨.១៣៩ករណី និងមានអ្នកស្លាប់ចំនួន២,០៣៨នាក់ ខណៈ២២.៧៤៧នាក់បានជាសះស្បើយ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print