កាលពីថ្ងៃទី២១ខែកក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ីរី បានប្រកាសឲ្យដឹងថា គណបក្សBaath កាន់អំណាច ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងសភា ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៩ខែកក្កដា ។
តាមការលើកឡើងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត គណបក្ស Baath របស់ប្រធានាធិបតី បាសា អាល់អាសាដទទួលបានការគាំទ្រដល់ទៅ១៧៧កៅអីក្នុងសភាដែលមាន ២៥០កៅអី។ នេះជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុងសភា ជាលើកទី៣ចាប់តាំងពីសង្គ្រាមស៊ីវីលផ្ទុះឡើងនៅឆ្នាំ២០១១។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតស៊ីរី លោកSamer Zamreeq បានឲ្យដឹងថា ចំនួនពលរដ្ឋទៅបោះឆ្នោតលើកនេះ មានតែ៣៣ភាគរយប៉ុណ្ណោះគឺថយចុះយ៉ាងខ្លាំងបើប្រៀបធៀបនិឹងឆ្នាំ២០១៦ ដែលមានដល់ទៅ៥៧ភាគរយ។
ការបោះឆ្នោតឆ្នាំនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលទីក្រុង ដាម៉ាកាស ទួលបានការគ្រប់គ្រងតំបន់ជាច្រើនពីដៃក្រុមឧទ្ទាម។ ប៉ុន្តែប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ នៅតែប្រឈមមុខនិឹងបញ្ហាសេដ្ឋកិច្ច សន្តិសុខដដែល មួយផ្នែកគឺដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្រោយការបោះឆ្នោតសភានៅឆ្នាំ២០២១ ការបោះឆ្នោតប្រធានាធិបតីស៊ីរីនឹងត្រូវបានធ្វើឡើង ហើយបេក្ខភាពប្រធានាធិបតី គឺចាំបាច់ត្រូវតែមានការទទួលស្គាល់គាំទ្រពីតំណាងរាស្ត្រយ៉ាងតិច៣៥រូបទើបមានសិទ្ធិក្នុងការប្រជែងតំណែងប្រធានាធិបតី៕
ដោយ៖ ធី រីណា