អន្តរជាតិ៖ នៅថ្ងៃអង្គារ ទី២១ ខែកក្កដាម្សិលមិញនេះ លោក ឃគីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) នាយករដ្ឋមន្ត្រីក្រិក បានថ្លែងទៅកាន់សហភាពអឺរ៉ុប (EU)ថា៖ គួរតែដាក់ទណ្ឌកម្មទៅលើប្រទេសតួកគី ប្រសិនបើប្រទេសនេះ នៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ចូលក្នុងដែនសមុទ្រមេឌីទែរ៉ាណេ ។
នាយករដ្ឋមន្ត្រីក្រិក បានថ្លែងនៅក្នុងជុំជួបជាមួយរដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) នៅទីក្រុងអាតែនដោយបញ្ជាក់ថា ជាយូរណាស់មកហើយដែលប្រទេសតួកគី និងក្រិកមានទំនាស់ជុំវិញការទាមទារ ក្នុងការទាញយកធនធានធម្មជាតិ នៅបាត់សមុទ្រមេឌីទែរ៉ាណេខាងកើត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដាឆ្នាំ២០២០។
ដោយឡែករដ្ឋមន្ត្រីការបរទេសក្រិកលោក នីកូស ឌែនឌីយ៉ាស (Nikos Dendias) បាននិយាយថា ប្រទេសតួកគីបានបង្ហាញគម្រោងខួងរកធនធានអ៉ីដ្រូកាបូន (hydrocarbon) ដែលនេះជាការប៉ុនប៉ង ក្នុងការរំលោភអធិបតេយ្យភាពរបស់ប្រទេសក្រិក និងសាធារណរដ្ឋស៊ីប(Cyprus)។
គួរបញ្ជាក់ផងដែរថា ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីការបរទេសអាឡឺម៉ង់លោក ហេកូ ម៉ាអាស ក៏បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប បានប្រកាន់ជំហរច្បាស់លាស់លើបញ្ហានេះ នឹងបានបង្ហាញពីសាមគ្គីភាពជាមួយប្រទេសក្រិក និងសាធារណរដ្ឋស៊ីព។ បន្ថែមពីនេះទៅទៀត ប្រទេសអាឡឺម៉ង់ក្នុងនាមជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុបនៅឆ្នាំ២០២០នេះ នឹងជំរុញឱ្យមានកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលតួកគី ដើម្បីដោះស្រាយបញ្ហានេះផងដែរ៕ដោយ៖ស តារា