អន្តរជាតិ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ស្ថានទូតចិនប្រចាំទីក្រុងឡុង៏ នៃចក្រភពអង់គ្លេស បានប្រកាសថាគោលនយោបាយថ្មីរបស់ចក្រភពអង់គ្លេស ដែលអនុញ្ញាតឱ្យប្រជាជនហុងកុង ស្នើសុំសញ្ជាតិអង់គ្លេស គឺជាការរំលោភលើច្បាប់អន្តរជាតិនិងជាការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ មិនតែប៉ុណ្ណោះប្រទេសចិន ប្រឆាំងដាច់ខាតលើគោលនយោបាយនោះ និងថែមទាំងបានព្រមានថា ខ្លួននឹងចាត់វិធានការឆ្លើយតបវិញ ប្រសិនបើអង់គ្លេសមិនលុបចោល គោលនយោបាយបង្កអរិយភាពជាមួយចិន។
បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដានេះ ដោយដកស្រង់នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូតចិន ឆ្លើយតបទៅនឹងការសម្រេចរបស់ចក្រភពអង់គ្លេសខាងលើនេះ គឺជាការ រំលោភបំពាន់យ៉ាងធ្ងន់ធ្ងរលើការប្តេជ្ញាចិត្តរបស់ប្រទេសអង់គ្លេសខ្លួនឯងផ្ទាល់ និងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ក៏ដូចជាបានរំលោភទៅលើច្បាប់អន្តរជាតិនិង មូលដ្ឋានទូទៅនៃទំនាក់ទំនងការទូតផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ទី២២ ខែកក្កដាម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេសលោកស្រី ព្រីធី ផាធែឡ (Priti Patel) បានថ្លែងថា ប្រជាជនហុងកុងដែលកាន់ លិខិតឆ្លងដែនអង់គ្លេសក្រៅប្រទេស (British National Overseas) មានសិទ្ធិដាក់ពាក្យស្នើសុំសញ្ជាតិអង់គ្លេសចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ បើតាមរដ្ឋាភិបាលអង់គ្លេស ប្រជាជនហុងកុងចំនួន ៣លាននាក់ ក្នុងចំណោម ៧លាននាក់ មានសិទ្ធិស្នើសុំចូលសញ្ជាតិអង់គ្លេស។
សូមជម្រាបថឋ បច្ចុប្បន្ននេះ ភាគីចិនបានទទូចឲ្យភាគីអង់គ្លេសទទួលស្គាល់ការពិត ដែលថាទីក្រុងហុងកុង បានប្រគល់ទៅឱ្យប្រទេសចិនវិញហើយ។ នឹងព្រមទាំងបានស្នើសុំឱ្យភាគីអង់គ្លេស ត្រួតពិនិត្យឡើងវិញទៅលើច្បាប់សន្តិសុខថ្មី ឲ្យបានច្បាស់លាស់ជាមុន និងពិចារណាកែកំហុសរបស់ខ្លួនជាបន្ទាន់៕ដោយ៖ស តារា