ភ្នំពេញ៖ សៀវភៅ វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ក្នុងកិច្ចសហការរវាង ក្រសួងព័ត៌មាន និងអង្គការ យូណេស្កូ ត្រូវបានប្រារព្ធពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នាសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក Sardar Umar Alan តំណាងអង្គការ យូណេស្កូ ប្រចាំកម្ពុជា និងលោក Magnus Saemundsson លេខាទីមួយនៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា។
សៀវភៅនេះ ជាមេរៀនសម្រាប់ការអប់រំ និងការបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈសារព័ត៌មាន ជូនដល់ អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈ សារព័ត៌មាននៅប្រទេសកម្ពុជា ដែលជាមធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
មួយរយៈនេះក្រសួងព័ត៌មាន ដឹកនាំដោយ លោក ខៀវ កាញារីទ្ធ បានទប់ស្កាត់នូវ ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ទទួលបានលទ្ធផលវិជ្ជមានច្រើន ពិសេសដោយមានការចូលរួមពីបណ្តាសមាគមអ្នកសារព័ត៌មាន (សសសក ) ក្លឹបអ្នកកាសែតកម្ពុជា អ្នកកាសែតអាជីព ប្រកបដោយវិជ្ជាជីវៈ និងការពង្រឹងក្រមសីលធម៍ដល់អ្នកសារព័ត៌មាន៕
ដោយ៖ សុខ ខេមរា