ខេត្តមណ្ឌលគិរី៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កេីតក្រុមការងារអន្តរក្រសួង ដេីម្បីចុះសិក្សាស្រាវជ្រាវ លេីករណីការកាប់រាន ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី ។
ក្នុងសេចក្ដីសម្រេចនេះ មានយោងលេីចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី៨ ខែកក្ដដា ឆ្នាំ ២០២០។
បេីតាមប្រភពពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហេីបអោយដឹងថា៖ យ៉ាងហោចណាស់មាន មន្ត្រីពាក់ព័ន្ធជាង ២០នាក់ រួមទាំង អភិបាលខេត្ត មណ្ឌលគីរី អភិបាលស្រុកកោះញែក ស្រុក អូររាំង សមាជិកព្រឹទ្ធសភា ឧត្ដមសេនីយ៍ ។ល។ ត្រូវបានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីស្ដីការគណៈរដ្ឋមន្ត្រី គោរពស្នេីសុំគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន ដេីម្បី កែសម្រួលភារកិច្ច និង ដកហូតមុខតំណែង ព្រោះ ពាក់ព័ន្ធនឹងការឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋធ្វើកម្មសិទ្ធិ ។
ដោយឡែក លោក សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែង និងចាប់ខ្លួនបញ្ជូនទៅពន្ធនាគារឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការទន្ទ្រានយកដីរដ្ឋនៅខេត្តមណ្ឌលគិរីច្រើនជាង ១០០០ ហិកតា ។
មហាជនមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលលេីមន្រ្តីទន្ទ្រានយកដីរដ្ឋទាំងនោះ ។ ប៉ុន្តែករណីជនជាប់ចោទ សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ក៏បានជាប់ពាក់ព័ន្ធមេភូមិ-ឃុំ ចៅហ្វាយស្រុកកោះញែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អាចនិយាយបានថា លោក ស្វាយ សំអ៊ាង អាចគេចមិនផុតពីមុខសញ្ញាស្រាវជ្រាវក្នុងការរំលោភដីធ្លីនេះឡើយ ខណៈគាត់បានសុីញ៉េលើដីមានបញ្ហានោះ ទាំងការបរិច្ឆេតតាំងពីភូមិ-ឃុំ-ស្រុក-ខេត្ត មានតម្រុយពិរុទ្ធភាពរួចទៅហើយ៕
ដោយ៖ សុខ ខេមរា