ខេត្តរតនគិរី៖ តំបន់វាលធំ នៃឧទ្យានជាតិវីរៈជ័យក្នុងភូមិសាស្រ្តខេត្តរតនគិរីបានកំពុងទាក់ទាញអ្នកដំណើរកម្សាន្តជាមួយធម្មជាតិជាច្រើន។ យោងតាមការឱ្យដឹងពីលោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីភ្ញៀវទេសចរចូលមកលេងកំសាន្ដនៅក្នុងតំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង គិតចាប់ពីខែមករា រហូតដល់ខែ កក្កដា ឆ្នាំ២០២០ មានចំនួន ២៧ក្រុម មានចំនួនមនុស្សសរុប១០៧នាក់ ក្នុងនោះមានស្រ្តី៤១នាក់ (ភ្ញៀវជាតិចំនួន៦៣នាក់)។ ដោយឡែកនៅតំបន់វាលធំ នៃឧទ្យានជាតិវីរ:ជ័យ មានអ្នកទេសចរជាក្រុម ចំនួន១០ក្រុម ចំនួនមនុស្ស៦៨នាក់ ។
អ្នកទេសចរជាតិ និងអន្តរជាតិ នៅក្នុងពេលថ្មីៗនេះ បានសំដែងការសប្បាយ រីករាយចំពោះដំណើរកម្សាន្ត សម្រាកលំហែរកាយជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើពីនេះនៅក្នុងតំបន់នេះ ភ្ញៀវទេសចរបានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងលឺសម្លេងសត្វស្លាប សត្វទោចយំជាច្រើន នៅជុំវិញកន្លែងបោះតង់ និងដំណើរកម្សាន្ត៕
ដោយ៖ សិលា