ខេត្តបាត់ដំបង៖ ខណៈដែលអគ្គនាយកគយ និងរដ្ឋាករកំពុងតែមានវិធានការរិតបន្តឹង នៃការប្រមូលពន្ធចូលរដ្ឋ ឱ្យមានកំណើនកើនឡើង សម្រាប់តំឡើងប្រាក់ខែ ជូនដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ងាវុធ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្រាប់តែ គយប្រចាំច្រកតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងការចោទប្រកាន់ បើកដៃឱ្យឈ្មួញនាំទំនិញពីប្រទេសថៃចូលមកប្រទេសកម្ពុជាខុសច្បាប់យ៉ាងសន្ធឹកសន្ធាប់ តាមច្រកតំបន់អូររំដួល ដែលជាហេតុត្រូវគេនិយយាថា ធ្វើឱ្យប៉ះពាល់ខាតបង់ប្រាក់ចំណូលពន្ធរដ្ឋធ្ងន់ ។
ទំនិញដែលគេសង្ស័យគេចពន្ធខុសច្បាប់ត្រូវគេមើលឃើញថា ឈ្មួញធ្វើឡើងតាមរយៈការប្រើប្រាស់រូបភាពដឹកជញ្ជូនអូសរទេះរបស់កម្មករចេញពីផ្សារថៃហើយយកមកប្រមូលដឹកផ្ទុកដាក់លើររថយន្តតូចធំនៅខាងមុខច្រក ។ ឈ្មួញក៏បានដឹកតាមរថយន្តទាំងនោះឆ្ពោះយកទៅលក់បោះដុំនិងបោះរាយឱ្យអាជីវករនៅស្រុកបវេលស្រុកថ្មគោលនិងក្រុងបាត់ដំបងជាដើម និងមានការបង់ប្រាក់តាមស្ថាប័នសមត្ថកិច្ចតាមផ្លូវពាក់ព័ន្ធមួយចំនួនទៀត។ការដឹកជញ្ជូនទំនិញអូសតាមរទេះនោះត្រូវបានឈ្មួញប្រាប់ឱ្យដឹងថាមិនបានបង់ពន្ធអ្វីនោះទេគ្រាន់តែបង់ប្រាក់តាមក្បាលរទេះប៉ុន្តែគេមិនហ៊ានប្រាប់ថាបង់ឱ្យគយក្នុងមួយរទេះតម្លៃប៉ុន្មាននោះទេ។ប្រាក់ដែលបង់តាមក្បាលរទេះនោះត្រូវគេសង្ស័យថាជាថវិកាក្រោមតុមិនត្រូវបាន បង់ចូលរដ្ឋនោះទេគឺចូលទៅហោប៉ាវគយយ៉ាងស្ងៀមស្ងាត់។
បើតាមប្រភពព័ត៌មាននៅខាងមុខច្រកប្រាប់ឱ្យដឹងថាក្នុងមួយថ្ងៃៗមានទំនិញជាច្រើនមុខត្រូវបានគេនាំចូលមកប្រទេសកម្ពុជាតាមច្រកតំបន់អូររំដួលស្រុកភ្នំព្រឹកនោះតាមរយៈអូសដឹកតាមរទេះ គេមិនទាន់គិតរថយន្តធុនធំដឹកទំនិញ របស់ក្រុមឈ្មួញនៅស្រុកភ្នំព្រឹកនោះផង។ រាល់ការនាំទំនិញចូលមកដឹកតាមរទេះនោះ បើមិនបង់ប្រាក់ឱ្យគយនិងមន្ត្រីពាក់ព័ន្ធ ឈរជើងនៅទីនោះទេរទេះអូសទំនិញមិនអាចចេញពីផ្សារថៃចូលមកបាននោះទេមានន័យត្រូវបានបង្ក្រាបតែម្តង។
ទំនិញទាំងនោះគេមើលឃើញថារួមមាន ជីកសិកម្ម ទឹកផ្លឺឈើ សាប៊ូ ប្រេងឆា ទឹកក្រូច ស្រាបៀរ ទឹកដោះគោ ទឹកអូរអ៊ីឈី ជាដើម។
ជុំវិញនៃការចោទប្រកាន់ខាងលើ លោក ញ៉ែម ខេមរ៉ាត់ ប្រធានការិយាល័យគយនិង រដ្ឋាករប្រចាំច្រកតំបន់អូររំដួលធ្លាប់បំភ្លឺប្រាប់អ្នកយកព័ត៌មានយលងឱ្យដឹងថា ទំនិញប្រេងឆា និងទំនិញមួយចំនួនទៀតសុទ្ធតែមានការបង់ពន្ធចូលរដ្ឋត្រឹមត្រូវ ។ ចំណែកជីកសិកម្មវិញគឺ ខាងអាជ្ញាធរស្រុកគេសុំការយោគយល់ឱ្យប្រជាពលរដ្ឋទិញយកទៅប្រើប្រាស់ដឹកតាមម៉ូតូ និងគោយន្តបន្តិចបន្តួចយកទៅដាក់ចំការ។ជីកសិកម្មមិនឱ្យដឹងលក្ខណៈប្រមូលផ្តុំទ្រង់ទ្រាយធំនោះឡើយ។
ក៏ប៉ុន្តែការឆ្លើយបំភ្លឺរបស់លោក ញ៉ែម ខេមរ៉ាត់ ប្រធានការិយាល័យគយនិង រដ្ឋាករ ប្រចាំច្រកតំបន់អូររំដួល គ្រាន់ជាលេះបិតបាំងនិងអំពើគេចពន្ធខុសច្បាប់ប៉ុណ្ណោះ សកម្មភាព នៃការដឹកទំនិញគេចពន្ធគឺគេមើលឃើញថាបានដឹកតាមរទេះហើយប្រមូលដឹកតាមរថយន្តតូចធំឆ្ពោះយកទៅលក់ទៅឱ្យយឈ្មួញនៅតាមបណ្តាស្រុកនិងក្រុងមួយចំនួននៅខេត្តបាត់ដំបងតែម្តង។
ឈ្មួញប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថារាល់ការបង់ប្រាក់ទៅគយសម្រាប់នាំទំនិញចេញមកគឺគ្មានបង្កាន់ដៃបង់ពន្ធអ្វីនោះទេវាផ្ទុយនិងការអះអាងរបស់ប្រធានការិយាល័យគយនិងរដ្ឋាករ ដែលបានប្រាប់អ្នកយកព័ត៌មានកន្លងទៅថ្មីៗនោះ ៕
ដោយ៖ សំ វិច្ឆិកា