ភ្នំពេញ៖ លោកអ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើកកម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។
លោករដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអនុញ្ញាតិឱ្យក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចូលជួបនិងផ្តល់អនុសាសន៍មុនពេលចេញដំណើរទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ នៅទីស្តីការក្រសួង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
លោករដ្ឋមន្រ្តីបានរំលឹកថា ដូចដែលយើងគ្រប់គ្នាបានដឹងហើយ ស្ថិតក្នុងដំណាក់កាលអន្តរកាលនេះ បញ្ហាសុខភាពគឺជារឿងចម្បង ដែលត្រូវយកចិត្តទុកដាក់គិតគូរ អត់ធ្មត់និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការរស់នៅ និងរៀនសូត្រ មិនថាស្ថិតនៅក្នុងបរិបទណានោះទេ។
លោករដ្ឋមន្ត្រីបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះជាការសំខាន់ណាស់ ព្រោះថាការសិក្សានៅប្រទេសជប៉ុនពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយកចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសយើងវិញនាពេលខាងមុខ។
ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវបទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នាល្អណាស់ ជាពិសេសរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្នុងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។
ក្មួយៗទាំងអស់គ្នា ត្រូវតែត្រៀមខ្លួនសម្រាប់ការងាររស់នៅក្នុងប្រទេសមួយនេះ ក្រៅពីរៀនសូត្រអ្នកទាំងអស់គ្នាគឺជាទូតសុឆន្ទៈរបស់កម្ពុជាផងដែរ ដែលត្រូវតែបង្ហាញពីសកម្មភាពល្អៗ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុនក៏ដូចជាប្រជាជាតិដទៃទៀត ដែលក្មួយៗបានជួប និងរស់នៅក្នុងពេលសិក្សានៅក្នុងប្រទេសនោះ។ ម៉្យាងទៀតត្រូវតែសិក្សាពីបរិយាកាសសេដ្ឋកិច្ច សង្គម នយោបាយរបស់ប្រទេសជប៉ុន ក្នុងនាមជាប្រទេសដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាផងដែរ។
បើតាមលោក ឈាង សុភា ប្រធានក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស របស់ប្រទេសជប៉ុន ឆ្នាំ២០២០ បានលើកឡើងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ហៅកាត់ថាJDS បានបង្កើតឡើងតាំងពីឆ្នាំ២០០០ និងបានបញ្ជូននិស្សិតកម្ពុជា៤១៦រូប ទៅកាន់ប្រទេសជប៉ុនរហូតដល់ពេលនេះ ដើម្បីធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយបីឆ្នាំចុងក្រោយនេះ មានថ្នាក់បណ្ឌិតផងដែរ ដោយមួយឆ្នាំៗមានបេក្ខជនបណ្ឌិត២រូប។
ចំពោះយុវជនទាំង២៤រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុននេះ សុទ្ធតែជាមន្ត្រីរាជការមកពីក្រសួងស្ថាប័នរបស់រដ្ឋ រីឯជំនាញអាទិភាពដែលត្រូវសិក្សានៅជប៉ុនរួមមាន ជំនាញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ជំនួយអភិវឌ្ឍវិស័យឯកជន, ជំនាញអភិវឌ្ឍគុណភាពអប់រំ, ជំនាញអភិវឌ្ឍកសិកម្ម និងជនបទ, ជំនាញអភិវឌ្ឍបរិស្ថានរស់នៅទីក្រុង, ជំនាញអភិវឌ្ឍប្រព័ន្ធសុខុមាលភាព និងធានារ៉ាប់រងសង្គម ,ជំនាញអភិវឌ្ឍមុខងាររដ្ឋបាល, ជំនាញអភិវឌ្ឍផ្នែកច្បាប់ និងតុលាការ, ជំនាញទំនាក់ទំនងអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា គោលបំណងនៃកម្មវិធីអាហារូបករណ៍ ផ្តោតសំខាន់លើមន្រ្តីវ័យក្មេងដែលមានសមត្ថភាព និងមានស្មារតីចូលរួមបង្កើត និងអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជម្រុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចំរើនកាន់តែប្រសើរឡើងនាពេលអនាគត ព្រមទាំងចូលរួមក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែស្អិតរមូតបន្ថែមទៀត៕