ភ្នំពេញ៖ តារាសម្តែង ជើងចាស់ លោក ទេព រិន្ទដារ៉ូ និងតារាសម្តែងស្រីល្បីឈ្មោះ នាងខ្ញុងបានជួយសម្តែងរួមគ្នាលើកដំបូងក្នុងខ្សែភាពយន្តខ្នាតធំរឿង “ក្រមុំ៣១កំលោះ៥២”។តារាប្រុសស្រីទាំងពីររូបខាងលើរំពឹងខ្ពស់ជាមួយនឹងខ្សែភាពយន្តដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់របស់ផលិតករនិងឈុតឆាកកំប្លែងប្លែកពីដើមដល់ចប់។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ក្នុងកម្មវិធីប្រកាសបើកសម្ពោធជាផ្លូវការរបស់ខ្សែភាពយន្តខាងលើនៅរោងភាពយន្តMajor Cineplex នៅផ្សារទំនើបអ៊ីអន ។
តារាសម្តែងមានវ័យជាង៥ទសវត្សរ៍លោកទេពរិន្ទដារ៉ូនិយាយថា ក្នុងខ្សែភាពយន្តខាងលើលោកសម្តែងជាតួអង្គកំលោះចាស់ឈ្មោះដារ៉ូហើយលោកពិតជាសប្បាយចិត្តដែលបានសម្តែងក្នុងតំណែងតួឯកជាមួយនឹងតារាជំនាន់ក្រោយជាច្រើនពិសេសគឺនាងខ្ញុងតែម្តង។ លោកបន្តថា ក្រុមការងារផលិត និងសិល្បករទាំងអស់បានធ្វើឲ្យលោកសើចរហូតពីពេលចាប់ផ្តើមធ្វើការរហូតដល់ពេលចប់ការងារសម្តែង។ លោកបញ្ជាក់ថាអស់រយៈពេលជាយូមកហើយដែលលោកបានសម្តែងជាតួឯក ហើយការផ្តល់តំណែងនេះក៏ក្រោយពេលដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចោទជាសំណួរមកលោកកាលពីថ្ងៃពិធីអង្គរសង្ក្រាន្តថា ពេលណាទើបលោកនឹកនាយកប្រពន្ធ ហើយរឿងនេះក៏អាចបញ្ជាក់អំពីមូលហេតុដែលធ្វើឲ្យលោកមិនយកប្រពន្ធ ទោះបីជាមានហេតុផលខ្លះត្រូវឬខុសពីរឿងពិតរបស់លោកក៏ដោយ។លោករំពឹងដែរថាខ្សែភាពយន្តដែលជាស្នាដៃសម្រិតសម្រាំងដ៏ប៉ិនប្រសប់មានច្រើនរស់ជាតិនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខានព្រោះទាំងផលិតករ និងសិល្បករសុទ្ធតែប្រឹងប្រែងអស់ពីលទ្ធភាព។
តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង បញ្ជាក់ថា នាងទទូលបានបទពិសោធន៍ថ្មីជាច្រើនលើការសម្តែងជាមួយនឹងតារាសម្តែងជើងចាស់លោកទេពរិន្ទដារ៉ូ។ នាងបញ្ជាក់ថា សាច់រឿងកំប្លែង ទេសភាពស្រស់ស្អាតប្លែកៗនៅខេត្តកោះកុង និងបច្ចេកទេសក្នុងការផលិតខ្ពស់គឺជាអ្វីដែលនាងរំពឹងទុកថាខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាងបញ្ជាក់ដែរថា អ្វីដែលនាងនិងក្រុមការងារផលិតរបស់ផលិតកម្មបានប្រឹងប្រែងគឺនឹងទទួលបានផ្លែផ្កាល្អហើយនាងក៏ស្នើឲ្យទស្សនិកជនបន្តជួយគាំទ្រស្នាដៃខ្សែភាពយន្តខ្មែរដើម្បីឲ្យក្រុមការងារផលិតបន្តស្វែងរកអ្វីដែលល្អថ្មីប្លែកសម្រាប់ទស្សនិកជន។
អ្នកគ្រប់គ្រងការផលិតនៃផលិតកម្ម រិជឃីតមេឌា(Rich Kids Media ) លោក នាង គួនណូចិត្រា បានបញ្ជាក់ថា ខ្សែភាពយន្ត “ក្រមុំ៣១កំលោះ៥២”ពិតជាទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជនបន្ទាប់ពីផលិតកម្មបានដាក់ខ្សែវីដេអូខ្លីផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកន្លងមក ។ លោកបញ្ជាក់ថា ការសម្រិតសម្រាំងខ្សែភាពយន្តដ៏ល្អមានគុណភាពខ្ពស់នេះនឹងធ្វើឲ្យទស្សនិកជនដែលចូលរួមទស្សនាពេញចិត្តនិងមិនស្ថាយក្រោយក្រោយពេលទស្សនាចប់។
លោក នៅ រតនា ចាងហ្វាងផលិតកម្ម រិជឃីតមេឌា(Rich Kids Media ) បានបញ្ជាក់ថា ទោះបីជាឆ្លងកាត់ការលំបាកច្រើនក្នុងការផលិតខ្សែភាពយន្តនេះក្តីក៏ស្នាដៃទី២របស់ផលិតកម្ម បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ ដែលសម្មិទ្ធផលនេះកើតចេញពីការចូលរួមទាំងអស់គ្នាពីផលិតករ និងតារាសម្តែងទាំងអស់។ លោករំពឹងទុកខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួលបាននូវការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងជាផ្លូវការ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្ត”ក្រមុំ៣១កំលោះ៥២” បានធ្វើការផលិតអស់រយៈពេល៥ខែ និងចំណាយការផលិតប្រមាណ៨ម៉ឺនដុល្លារអាមេរិក។ ខ្សែភាពយន្តនេះនឹងធ្វើការចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២៨ខែមករាឆ្នាំ២០១៦នេះតទៅ នៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ តារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនបានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះដែលតួសំខាន់មានដូចជា លោក ទេព រិនដារ៉ូ នាងខ្ញុង កញ្ញា មេនីយ៉ាង លោក សាវិន ហ្វីលីព លោក អ៊ុក សុភារិទ្ធិជាដើម។ ឈុតឆាកកំប្លែង វាយតប់ ស្នេហា ដែលមានគ្រប់រសជាតិនោះនឹងធ្វើឲ្យខ្សែភាពយន្តនេះក្លាយជារឿងដែលទាក់ទាញបំផុតសម្រាប់អ្នកទស្សនានៅដើមឆ្នាំ២០១៦នេះ៕
ដោយ៖ វឌ្ឍនា