សាខា​កាកបាទក្រហម រាជធានីភ្នំពេញ ​ បានរៀបចំធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមទិសស្លោក “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម”

ចែករំលែក៖

ភ្នំពេញ៖ សាខា​កាកបាទក្រហម រាជធានីភ្នំពេញនាព្រឹកថ្ងៃសៅរ៍​ ៥កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៥​ ខែ កក្កដា ឆ្នាំ ២០២០នេះ​ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន​ សែនសុខ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ដឹកនាំដោយ​ លោកវេជ្ជ.​ ងី​ មានហេង អនុប្រធានគណៈកម្មាធិការសាខា​ សហការជាមួយមន្ទីរសុខាភិបាលរាជធានភ្នំពេញ​ បានរៀបចំធ្វើយុទ្ធនាការលុបបំបាត់ជម្រកមូសខ្លា ការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម តាមទិសស្លោក “គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម” ជូនដល់ប្រជាពលរដ្ឋ​ រស់នៅតាមបណ្តាភូមិនានា ក្នុងសង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ ។
មានមតិនាឱកាសបេីកយុទ្ធនាការ​ លោកវេជ្ជ. ងី មានហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់មន្ត្រីបុគ្គលិកសាខា​ អនុសាខា​ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមទាំងអស់ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានគូសបញ្ជាក់ពីគោលបំណងនៃយុទ្ធនាការនេះ​ គឺដេីម្បីផ្សព្វផ្សាយបញ្ជ្រាបដល់ស្រទាប់មហាជន បងប្អូនប្រជាពលរដ្ឋ តាមសហគមន៍ មូលដ្ឋាន ឲ្យបានយល់ដឹង​ពីវិធីការពារ​ និងបង្ការ​ ជាពិសេសគឺកាត់បន្ថយអាត្រាគ្រោះថ្នាក់ និងស្លាប់ដោយសារជំងឺគ្រុនឈាម ។

សូមបញ្ជាក់ថា៖​ ជំងឺគ្រុនឈាមចាប់ផ្តើមរាតត្បាតខ្លាំងនៅរដូវវស្សានេះតែម្តង ការរាត្បាតទី១ ចាប់ពីខែ មេសា ដល់ខែឧសភា ការរាតត្បាតទី២​ ចាប់ពីខែកក្កដា ដល់ខែសីហា និងថយចុះមកវិញនៅចន្លោះខែតុលា និងខែវិច្ឆិកា ហើយភ្នាក់ងារចម្លងនៃជំងឺគ្រុនឈាមនេះគឺបណ្តាលមកពីមូសខ្លាញីខាំ (Aedes Mosquito) វាមានរូបរាងពណ៌ខ្មៅឆ្នូតស ហើយវាអាចញាស់ពងម្តងរហូតទៅដល់២០០ពង ភាគច្រើនវាខាំនៅពេលព្រឹកព្រលឹម និងពេលព្រលប់ វាបង្កាត់ពូជនៅលើវត្ថុដែលអាចដក់ទឹកបាន ហើយវាចូលចិត្តរស់នៅក្នុងទីងងឹតក្នុងផ្ទះ រឺបរិវេណជុំវិញផ្ទះដែលមានអាកាសធាតុត្រជាក់ ហើយសើម​ ។
វិធីបង្ការនូវជំងឺគ្រុនឈាម​ គឺការពារកុំឲ្យមូសខ្លាខាំ លុបបំបាត់ថ្លុកដង្កូវទឹក ស្លៀកពាក់ឲ្យបានជិតៗ គេងក្នុងមុង និងកុំលេងនៅទីងងឹត លាបថ្នាំ ឫបាញ់ស្រ្ពាយការពារកុំឲ្យមូសខាំ ត្រូវប្រើថ្នាំបាញ់សម្លាប់សត្វមូស និងលុបបំបាត់ជម្រកមូស ដាក់សំណាញ់តាមបង្អួច ត្រូវស្វែងរកសេវាសុខាភិបាលក្នុងករណីសង្ស័យថាឆ្លងជំងឺគ្រុនឈាម​ ដើម្បីធ្វើការតាមដាន និងព្យបាលទាន់ពេលវេលា​ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print