ក្លឹបមានមូលដ្ឋាននៅប្រទេសម៉ិចស៊ីកូបានប្រកាសថា អតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរបស់ក្លិប Real Madrid លោក Michel បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម Pumas ដោយសារហេតុផលផ្ទាល់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរនៅព្រឹកថ្ងៃសៅរ៍ ទី២៥ កក្កដានេះ។
ក្លិប Pumas នៅលីកកំពូលម៉ិចស៊ីកូ Liga MX បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតីតកីឡាករវ័យ៥៧ឆ្នាំរូបនេះនឹងត្រូវបានជំនួសដោយជំនួយការរបស់លោកសញ្ជាតិអាហ្សង់ទីនលោក Andres Lillini ដើម្បីដឹកនាំធ្វើជាគ្រូបង្វឹករបស់ក្លិបបន្តទៀត។
នៅក្នុងវីដេអូដែលផ្សាយដោយក្លិប Pumas លោក Michel បាននិយាយថា “វាជាការសោកស្តាយយ៉ាងខ្លាំងដែលខ្ញុំបានសំរេចចិត្តចាកចេញពីក្លិប Pumas ដោយហេតុផលផ្ទាល់ខ្លួន និងគ្រួសារ។ ខ្ញុំចង់អរគុណដល់ក្រុមប្រឹក្សាភិបាល, កីឡាករ និងបុគ្គលិកទាំងអស់នៃក្លិបនេះចំពោះឱកាសដែលពួកគេបានធ្វើចំពោះខ្ញុំ និងធ្វើឱ្យខ្ញុំមានអារម្មណ៍ថានៅជាមួយក្លិបដូចជាផ្ទះរបស់ខ្ញុំ” ។
សូមបញ្ជាក់ថា រដូវកាលលីកកំពូលម៉ិចស៊ីកូ Liga MX ត្រូវបានលុបចោលកាលពីខែឧសភា ពោលគឺ២ខែបន្ទាប់ពីបាល់ទាត់ត្រូវបានផ្អាកនៅម៉ិចស៊ីកូដោយសារតែជំងឺឆ្លងកូវីដ-១៩។ ក្រុម Pumas នឹងលេងការប្រកួតដំបូងរបស់ពួកគេនៃរដូវកាលថ្មីនៃលីកកំពូលម៉ិចស៊ីកូ Liga MX ដោយនឹងត្រូវទទួលក្រុមភ្ញៀវ Queretaro នៅថ្ងៃអាទិត្យ។
គួររំលឹកថា លោក Michel ធ្លាប់ប្រកបអាជីពជាគ្រូបង្វឹកនៅក្លិប Sevilla, Marseille, Malaga, Olympiacos, Getafe និង Rayo Vallecano រួចបានចូលរួមជាមួយក្លិប Pumas លើកិច្ចសន្យារយៈពេល២ឆ្នាំនៅខែឧសភា ឆ្នាំ២០១៩។ ក្នុងនាមជាអតីតកីឡាករម្នាក់លោក Michel ធ្លាប់លេងឲ្យក្លិបអធិរាជស Real Madrid ចំនួន៤០៤ប្រកួត និងស៊ុតបញ្ចូលទីបាន៩៧គ្រាប់ នៅចន្លោះឆ្នាំ១៩៨២ និងឆ្នាំ១៩៩៦។ គាត់ត្រូវបានចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញដោយបង្ហាញខ្លួនបានចំនួន៦៦ដង និងធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ឆ្នាំ១៩៨៦ និង១៩៩០ផងដែរ ៕
ដោយ៖ ភារៈ